សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនត្រូវមានគំនិតវិជ្ជមាន
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទ ក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងទៅកាន់យុវជន យុវនារីទាំងនោះថា យុវជនត្រូវមានគំនិតវិជ្ជមាន ។ប្រសិនបើយើងចង់ប្រកួតប្រជែងជា មួយគេ កុំទៅរិះរកវិធីវាយប្រហារគេ ឬរកចំណុចខ្សោយគេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព ។

ពីលើវេទិកាដោយមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមផងនោះសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាននោះទើបជាតិ យើងទទួលបានជោគជ័យ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? បន្តមកសម្ដេចបានបកស្រាយប្រាប់ទៅអ្នកចូលរួមថា “ផ្នត់គំនិត គឺជាកត្តាកំណត់ពីសកម្មភាព”។ ការគិត ឬការឆ្លើយតបបែបវិជ្ជមាន និងអវិជ្ជមាន គឺខុសគ្នា និងទទួលបានផលខុសគ្នា ។

សម្តេចធិបតីបានលើកឧទាហរណ៍ពាក់ព័ន្ធនឹងរឿងវប្បធម៌ ។សម្ដេចថា ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាននឹងមិនធ្វើអ្វីនោះ ទេ ហើយចាំតែស្រែកយំ និងបន្ទោសគេថាចង់បានតែរបស់យើង ក៏ដូចជាបន្ទោសជាតិសាសន៍ខ្លួនឯង ថាមិនចេះថែរក្សា។ដោយឡែកអ្នកដែលមានផ្នត់គំនិតបែបវិជ្ជមាន គេនឹងមិនយំស្រែក តែគេធ្វើសកម្មភាពផ្សេងៗរួមគ្នាលើកតម្កើងវប្បធម៌ ធ្វើឱ្យរឹងមាំ និងផ្សព្វផ្សាយទៅខាងក្រៅ។ជាមួយគ្នានេះ ប្រសិនបើឃើញប្រទេសគេ អាចផលិតរ៉ូបូត មិនគួរយំស្រែក ឬបន្ទោសប្រព័ន្ធអប់រំរបស់យើងនោះទេ គួរតែរួមគ្នាកសាងប្រព័ន្ធអប់រំ កសាងអភិវឌ្ឍន៍សាកលវិទ្យាល័យដែលថ្ងៃក្រោយ យើងនឹងអាចកសាងធនធានមនុស្ស អាចផលិតរ៉ូបូត ឬក៏អាចឡើងធ្វើជាយានអវកាសយានិកបានផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់ខ្លាំង លើទស្សនៈវិជ្ជមាន។សម្ដេចធិបតីសង្កត់ធ្ងន់ថា “យើង មានទស្សនៈវិជ្ជមាន ធ្វើឱ្យយើងជោគជ័យ” ៕
ដោយ៖ វណ្ណលុក





