សម្តេចប្រធានរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ
ភ្នំពេញ៖មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែល រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជា ផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នៅសាល សន្និសីទជាតិ នារដ្ឋធានីវៀងចន្ទន៍ ក្រោមអធិបតីភាព ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើក ទី៤៥។

អញ្ជើញចូលរួមក្នុមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹក នាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា និងគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវ កិត្តិយសម្ចាស់ផ្ទះ ។

មហាសន្និបាតអាយប៉ាលើកទី៤៥ នៅពេលនេះក្រោម មូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកប ដោយបរិយាបន្នរបស់អាស៊ាន” ។ ក្នុងពិធីបើក ថ្នាក់ដឹកនាំប្រទេសឡាវ បានថ្លែងអំណរ គុណដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជុំគ្នា នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយបង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា ,លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយ ចីរភាពជូនប្រជាពលរដ្ឋ។

បន្ទាប់ពិធីបើកជាផ្លូវការ មហាសន្និបាតអាយប៉ានឹងដំណើរ កិច្ចប្រជុំពេញអង្គលើកទី១និងកិច្ចប្រជុំតាមគណៈកម្មាធិការនានា ដែលមានដូចជា គណៈកម្មាធិការសភាស្រ្តីអាយប៉ា (WAIPA) គណៈកម្មាធិការសភាជិកសភាវ័យក្មេងអាយប៉ា (YPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការ សេដ្ឋកិច្ច និងគណៈកម្មាធិការសង្គម ជាដើម។

សូមជម្រាបថា អន្តរសភាអាស៊ាន (AIPA,អាយប៉ា)ជាវេទិកា សភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាង ឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ក្នុងក្របខ័ណ្ឌ នីតិប្បញ្ញត្តិមហាសន្និបាតប្រចាំឆ្នាំរបស់AIPAជាការងារការទូតសភា ក្នុងការប្រមូល ផ្តុំនូវមតិ យោបល់ ទស្សនៈតំណាង ពលរដ្ឋ ក្នុងការគំាទ្រ និងរួមសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធ ជាមួយ អាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និង អន្តរជាតិ៕
ដោយ៖ហេង សម្បត្តិ+ថេត វិចិត្រ




