សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបសវនាការជាមួយប្រធាន រដ្ឋសភា ឡាវដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥
ភ្នំពេញ៖ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ មុនពិធីបើកមហាសន្និបាតអាយប៉ា(AIPA)លើកទី៤៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈ ប្រតិភូសភា សមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវនិងជា ប្រធាន អាយប៉ាលើកទី៤៥។

សេចក្តីរាយការណ៍ពីទីក្រុងវៀងចន្ទន៍បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ឡាវជាម្ចាស់ផ្ទះនេះ ឯកឧត្តមប្រធានរដ្ឋសភាឡាវបានស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ។នេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ានក្នុងការចូលរួមចំណែក កសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់នូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទទួលបដិសណ្ឋារ កិច្ចនិងការរៀបចំ មហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវ ជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងសម្រេចបានលទ្ធផល ជាផ្លែផ្កា តាមការរំពឹងទុក៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

