រដ្ឋមន្រ្តីសុខាភិបាលគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារក និងកុមារ លើកទី៦ ប្រធានបទ « វិនិយោគដើម្បីបង្កើនសមត្ថភាពនិងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» នៅចុងសប្ដាហ៍នេះ។
ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការបញ្ជូន ឬសង្រ្គោះទារក ឱ្យបានទាន់ពេលវេលាដោយត្រូវសហការគ្នា នៅគ្រប់ផ្នែកបច្ចេកទេស នៅតាមមន្ទីរពេទ្យគ្រប់កម្រិត។
ឯកឧត្តមបានលើកឡើងថាមន្ទីរពេទ្យទាំងឡាយដែលមានផ្នែកទារក ត្រូវចាត់ទុកថា កុមារជាសសរស្តម្ភដ៏សំខាន់ និងសូមបង្កើនការយកចិត្តទុកដាក់ ត្រូវពិនិត្យលើបញ្ហាប្រឈមធនធានមនុស្ស សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត។ត្រូវមានចក្ខុវិស័យចំពោះមុខ និងវែងឆ្ងាយ ត្រូវបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញជួយសង្រ្គោះទារក កុមារ និងផ្នែកសង្គមវេជ្ជសាស្រ្ត ដើម្បីធានាបានកុមារ ទារក កើតមកមានសុខភាពល្អ។
សូមជម្រាបថាគោលបំណងនៃសន្និសីទខាងលើ រៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈមោះមុត ការវិនិយោគពេលវេលា ចំណេះដឹង ជំនាញ បទពិសោធន៍ មនសិកាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
មិនភ្លេចក្នុងការក្រើនរំលឹកបន្ថែម ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាថែទាំសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ។ទាន់ពេលវេលា ឆាប់រហ័ស ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ឱ្យស័ក្តិសមនឹងពាក្យថា “គ្រូពេទ្យគឺជាកងទ័ពអាវស និងបំពេញភារកិច្ចរបស់ទេវតា” ៕
ដោយៈហេង សម្បត្តិ








