ម៉ិកស៊ិករឹបអូសគ្រឿងញៀនបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត
ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃសុក្រនិយាយថា ខ្លួនបានរឹបអូសថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក។

កងទ័ពជើងទឹកម៉ិកស៊ិកប្រកាសរឹបអូសបានថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះជាកំណត់ត្រាសម្រាប់ប្រតិបត្តិការប្រមាញ់គ្រឿងញៀនតាមដែនសមុទ្រ។

សេចក្តីថ្លែងការណ៍របស់ក្រសួងកងទ័ពជើងទឹកម៉ិកស៊ិក បានបញ្ជាក់ថា មន្រ្តីរឹបអូសបានគ្រឿងញៀនខុសច្បាប់មានទម្ងន់ ៨,៣៦១គីឡូក្រាម។

តួលេខនេះ តំណាងឱ្យការរឹបអូសថ្នាំញៀនដ៏ធំបំផុត នៅក្នុងប្រតិបត្តិការដែនសមុទ្រ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។

យ៉ាងណាមិញ អាជ្ញាធរម៉ិកស៊ិកមិនបានបញ្ជាក់លំអិតថាតើវាជាថ្នាំញៀនប្រភេទអ្វីនោះទេ ប៉ុន្តែពួកគេបាននិយាយថា វាមានតម្លៃដល់ទៅ ១០៥ លានដុល្លារឯណោះ។

ដោយឡែកមនុស្ស ២៣នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនតាមដែនសមុទ្រ ស្ថិតនៅភាគនិរតីនៃកំពង់ផែ ឡាហ្សារ៉ូ កាដេណា។
ការរឹបអូសគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិកលើកដំបូង គឺជាគ្រឿងញៀនប្រភេទកូកាអ៊ីនមានទម្ងន់ចំនួន ២៣តោនក្នុងខែវិច្ឆិកា ឆ្នាំ ២០០៧។
ម៉ិកស៊ិក អស់រយៈពេលជាច្រើនទស្សវត្សមកហើយ គឺជាមជ្ឈមណ្ឌលនៃការជួញដូរគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ដោយសារតែក្រុមជួញដូរគ្រឿងញៀនមួយចំនួនធំ កំពុងគ្រប់គ្រងពាណិជ្ជកម្មខុសច្បាប់នេះ។
នៅទូទាំងប្រទេសម៉ិកស៊ិក មនុស្សជាង ៤៥០,០០០នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ទៀតបាត់ខ្លួន នៅក្នុងអំពើហិង្សាជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក្នុងឆ្នាំ ២០០៦៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា