គុយបាដាច់ភ្លើងទូទាំងប្រទេស ប្រជាជនជិត ១១លាននាក់រស់ក្នុងភាពងងឹត
ឡាហាវ៉ាន៖ គុយបាជួបប្រទះការដាច់ភ្លើងដ៏ធំ កាលពីថ្ងៃសុក្រ ដោយប្រទេសដីកោះទាំងមូលនេះ បានធ្លាក់ចូលទៅក្នុងភាពងងឹតពាសពេញប្រទេសតែម្តង។

Read. ប្រជាជនគុយបាទូទាំងប្រទេសតែម្តង គ្មានអគ្គិសនីប្រើប្រាស់ឡើយ ដោយសារតែការដាច់ភ្លើងដ៏ធំមិនធ្លាប់មាន ដែលធ្វើឱ្យប្រទេសដីកោះមួយនេះទាំងមូល ធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យសុង បន្ទាប់ពីរោងចក្រថាមពលមួយកន្លែងរបស់ខ្លួនផ្អាកដំណើរការ។

វីដេអូ និងរូបថតជាច្រើនដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីជីវិតរស់នៅរបស់ប្រជាជន និងសកម្មភាពប្រកបអាជីវកម្មតូច-ធំទូទាំងប្រទេសគុយបា ត្រូវជួបប្រទះការលំបាក និងផ្អាកដំណើរការជាបណ្តោះអាន្ន ដោយសារតែការដាច់ភ្លើងដ៏ធំ។

ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល និយាយថា ការផ្គត់ផ្គង់បណ្តាញអ៊ីនធឺណេតឡើងវិញ គឺជាអាទិភាពកំពូលសម្រាប់អាជ្ញាធរនាពេលនេះ ហើយថា រដ្ឋាភិបាលរបស់លោកនឹងមិនសម្រាកទេ ដរាបណាអគ្គិសនីត្រូវបានស្តារឡើងវិញ។

ការដាច់ចរន្តអគ្គិសនីបានចាប់ផ្តើមនៅទូទាំងប្រទេស ចាប់តាំងល្ងាចថ្ងៃព្រហស្បតិ៍ ដោយនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ បានស្តីបន្ទោសវិបត្តិថាមពល ដែលបង្កឡើងពីសង្រ្គាមសេដ្ឋកិច្ច និងការបៀតបៀនហិរញ្ញវត្ថុ និងថាមពលដោយសហរដ្ឋអាមេរិក។
ការអះអាងរបស់លោក ម៉ារ៉េរ៉ូ ចង់សំដៅដល់ការរឹតបន្តឹងរបស់អាមេរិក ដែលរារាំងការនាំចូលឥន្ធនៈ និងរំខានដល់លំហូរនៃធនធានផ្សេងទៀត ដើម្បីរក្សាដំណើរការឧស្សាហកម្មអគ្គិសនី។
ប្រជាជនគុយបាបានស៊ូទ្រាំនឹងបញ្ហាផ្គត់ផ្គង់ថាមពលអស់រយៈពេលជាយូរមកហើយ ដោយសារតែការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដីកោះនេះ អស់ពេលជាច្រើនខែ។
បញ្ហាទាំងនេះបណ្តាលមកពីហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានវ័យចំណាស់ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីខាងក្រៅធ្លាក់ចុះ។ បន្ថែមលើនេះ ភ្លើងឆេះកាលពីឆ្នាំ ២០២២ នៅឯកន្លែងស្តុកប្រេង Matanzas ក៏បានរួមចំណែកយ៉ាងខ្លាំងដល់វិបត្តិថាមពលរបស់គុយបាផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា