លោក ណេតាន់យ៉ាហ៊ូ អះអាថា ក្រុមហេសបូឡាប៉ន់ប៉ងធ្វើឃាតលោក
ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ចោទប្រកាន់ក្រុមហេសបូឡា មានអ៊ីរ៉ង់ជាខ្នងបង្អែកថា បានព្យាយាមសម្លាប់គាត់ ខណៈដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល បន្ទាប់ពីអ៊ីស្រាអែលប្តេជ្ញាសងសឹកអ៊ីរ៉ង់វិញ។

ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅកណ្តាលទីក្រុង កាសារៀ ប៉ុន្តែគាត់ និងប្រពន្ធរបស់គាត់មិននៅផ្ទះនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់ក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដើម្បីធ្វើឃាតខ្ញុំ និងប្រពន្ធរបស់ខ្ញុំនៅថ្ងៃនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា អ្នកណាក៏ដោយ ដែលព្យាយាមធ្វើបាបពលរដ្ឋអ៊ីស្រាអែល នឹងត្រូវបង់ខាតយ៉ាងធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណា ក្រុមហេសបូឡានៅលីបង់ ដែលទទួលបានទាំងអាវុធ និងផ្តល់ហិរញ្ញប្បទានពីអ៊ីរ៉ង់ មិនបានប្រកាសទទួលស្គាល់ការវាយប្រហារនេះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក្រុមហេសបូឡា គឺជាអ្នកពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនលើផ្ទះរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកញ្ញាមក យ៉ាងហោចណាស់មនុស្ស ១,៤៥៤នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលលីបង់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
