INT. ចិនប្តឹងអាមេរិករឿងដាក់ក្រុមហ៊ុនផលិតយន្តហោះដ្រូនខ្លួនក្នុងបញ្ជីខ្មៅ
ប៉េកាំង៖ ក្រុមហ៊ុនចិន DJI ថ្មីៗនេះ ប្រកាសប្តឹងក្រសួងការពារជាតិអាមេរិកនៅតុលាការសហព័ន្ធ ឆ្លើយតបការដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធា។
ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី១៨ ខែតុលា ក្រុមហ៊ុន DJI បានដាក់ពាក្យប្តឹងក្រសួងការពារជាតិអាមេរិក (DoD) ជុំវិញការសម្រេចចិត្តខុស ដែលដាក់ DJI ទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធាចិន។
សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា DJI របស់ចិន ទៅក្នុងបញ្ជីក្រុមហ៊ុនយោធាដំបូងនៅក្នុងឆ្នាំ២០២២ ហើយបន្តស្ថិតក្នុងបញ្ជីនេះរហូតដល់ខែមករា ឆ្នាំ២០២៤។
ក្រុមហ៊ុន DJI និយាយថា ខ្លួនបានព្យាយាមផ្សះផ្សារជាមួយក្រសួងការពារជាតិអាមេរិក អស់រយៈពេលជាង១៦ខែ ហើយឥឡូវនេះ បានកំណត់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីស្វែងរកការសង្គ្រោះនៅក្នុងតុលាការសហព័ន្ធ។
យោងតាមចម្លើយការពារខ្លួន ក្រុមហ៊ុន DJI និយាយថា ក្រុមហ៊ុនខ្លួនមិនមានម្ចាស់ ឬគ្រប់គ្រងដោយយោធាចិនឡើយ ពោលគឺក្រុមហ៊ុន DJI ផលិតយន្តហោះដ្រូនពាណិជ្ជកម្ម និងស៊ីវិលតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន DJI បានប្រឈមមុខនឹងការឃ្លាំមើលពីទីក្រុងវ៉ាស៊ីនតោនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសយន្តហោះដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់យ៉ាងទូលំទូលាយដោយភាគីទាំងពីរនៅក្នុងសង្គ្រាមអ៊ុយក្រែន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា