លោក ត្រាំ ថា ប្រធានាធិបតីអ៊ុយក្រែនចាញ់សង្គ្រាមរួចហើយ
វ៉ាស៊ីនតោន៖ បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ប្រកាសថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។
បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ ក៏បានចោទប្រកាន់ប្រធានាធិបតី
អាមេរិក លោក ចូ បៃដិន ថា បានបង្កការប្រយុទ្ធគ្នានេះតាំងពីដំបូងមកម្ល៉េះ។

លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ PBD Podcast កាលពីថ្ងៃព្រហស្បតិ៍ ដោយរិះគន់លោក ហ្សេលេនស្គី ថា ជា “អ្នកជួញដូរដ៏អស្ចារ្យ” ដែលបានធានាម្តងហើយម្តងទៀត ក្នុងការទទួលបានជំនួយរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ទាំងដែលមិនអាចទទួលបានជ័យជំនះ។

លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនេះអាចជៀសវាងបាន ប្រសិនបើលោកបន្តកាន់តំណែងប្រធានាធិបតីអាមេរិក បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០២០។
លោក ត្រាំ ក៏បានបង្ហាញការជឿជាក់ដែរថា លោកអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សប្រសិនបើលោកត្រឡប់ទៅកាន់តំណែងនៅសេតវិមានវិញ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។

បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ បានសម្តែងការអាណិតអាសូរ ចំពោះអ៊ុយក្រែន និងប្រជាជនរបស់ខ្លួន ប៉ុន្តែបានអះអាងថា លោក ហ្សេលេនស្គី គួរតែចាត់វិធានការ ដើម្បីការពារការផ្ទុះឡើងអរិភាពជាមួយរុស្ស៊ីបន្ថែមទៀត។
ហើយលោក ត្រាំ ក៏បានព្រមានផងដែរថា ការប្រយុទ្ធគ្នាអាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើអ្វីមួយមិនត្រូវបានធ្វើដើម្បីបញ្ចប់វា ដែលសូម្បីតែអាចបង្កជាសង្គ្រាមលោកលើកទី៣ ក៏ថាបាន៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា