ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡា​ជាតិ​ជនពិការលើកទី២ បានទៅដល់ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ឆ្នាំង៖ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើក​ទី៤និងកីឡាជាតិជនពិការលើកទី២ក្រោមប្រធានបទ”កីឡាជាតិដើម្បី ព្រែកជីកហ្វូណនតេជោ” បានរៀបចំ​ធ្វើឡើង​នៅលើទឹកដីខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការ អញ្ជើញចូលរួមពី​ឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំយុវជន​និងកីឡា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់​ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំង​ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម អង្គការ សមាគមនានា និងប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ។

ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ មានកីឡាករចួលរួមសរុបចំនួន ៥ ៣៣៩ នាក់មកពីបណ្ដា ២៥រាជធានី ខេត្ត និង២ក្រសួង ។ឯកឧត្តម ប៊ូ ជុំសេរី បញ្ជាក់ថា មុនឈានដល់ថ្ងៃ​បើកការប្រកួតក្រសួងបានជ្រើសខេត្ត ចំនួន៥ ឱ្យធ្វើ​ជាម្ចាស់ផ្ទះ ក្នុងពិធិរត់ភ្លើងគប់កីឡា ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយ​បំផុស​ចលនាកីឡាជាតិ ស្របតាមយុទ្ធនាការនៃការអប់រំ កីឡារស់ក្នុងសន្តិភាព និងកីឡាជាតិដើម្បីព្រែកជីក​ហ្វូណនតេជោ។ ការរៀបប្រកួតកីឡាថ្នាក់ជាតិនេះគឺ​ការស្ទាបស្ទង់កម្រិតកីឡាករ និងទទួលបទពិសោធន៍​បន្ថែមទៀត តាមស្តង់ដា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុង​ការប្រកួតកីឡា យុវជន អាស៊ីលើកទី ៥ ។

សូមបញ្ជាក់ថា ពិធី រត់ភ្លើងគប់ការប្រកួតកីឡាជាតិ​លើកទី៤និងកីឡាជាតិជនពិការលើកទី២ បាន​រៀបចំប្រគល់ទទួលភ្លើងគប់ នៅសួនដំរី ស ក្នុងភូមិទួលក្រឡាញ់ ហើយកាន់រត់មកកាន់វេទិកា​នៅខាងមុខបញ្ជាការកងរាជអាវុធហត្ថខេត្ត មានចម្ងាយ​ជាង​២គីឡូម៉ែត្រ ដោយមានការចូលរួមគាំទ្រពី​ប្រជាពលរដ្ឋ​តាមដងផ្លូវយ៉ាងច្រើនកុះករ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner