អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុវជនស្រឡាញ់បរិស្ថានលែងជឿលើការញុះញង់របស់ក្រុមអគតិដែលមាននយោបាយបដិវត្តន៍ព័ណ៌

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ពេលនេះយុវជនស្រឡាញ់បរិស្ថាន លែងជឿលើការញុះញង់របស់ក្រុមអគតិ ដែលមាននយោបាយបដិវត្តន៍ព័ណ៌ និងបានសម្រេចចិត្តច្រើនឡើងជាបន្តបន្ទាប់ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះមានមនុស្សជាង៩,៦លាននាក់ បានចូលរួម ហើយភាគច្រើនជាយុវជន ក្នុងនោះសិស្សានុសិស្សចំនួន ជាង៣,៦លាននាក់ផងដែរ និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ពីមនុស្សចំនួនប្រមាណ៣លាននាក់ និងបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំអាតភូមិដ្ឋាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ»។ ការបញ្ជាក់នេះ ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីបថ្ថែម នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈការចូលរួមការពារបរិស្ថាន និងសង្គម តាមរយៈបណ្តុះគំនិត«ភាពស្អាត» ចេញពីបេះដូងរបស់ពួកគេ គឺអនុវត្តបង្កើនភាពស្អាតរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព ពិសេសស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ​ ការចូលរួមការពារបរិស្ថាន និងសង្គមនឹងកាន់តែសំខាន់ៗ ទៅព្រោះជាការផ្តល់សារជាក់ស្តែងចេញជាសកម្មភាពបំផុសស្មារតី អំពីការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា របស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះ អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល នៅពេលនេះ បានឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួនជាអ្នកស្រឡាញ់បរិស្ថានតែមិន មិនបានធ្វើអ្វីក្រៅពីស្រែកជំរុញឱ្យយុវជនខ្មែរមួយចំនួនតូច ចាញ់ល្បិចរបស់ខ្លួនបំផ្លាញអនាគតយុវជនខ្មែរ ធ្វើឱ្យយុវជនខ្មែរ ជាប់ទោសទណ្ឌ ដើម្បីតែបម្រើផលប្រយោជន៍បរទេស និងបក្ខពួកខ្លួន ដែលមានបំណងបំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សូមជម្រាបដែរថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ដើម្បីការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា ជាពិសេសយុវជនដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់ ហើយចូលរួមបណ្តុះ គំនិត«ពន្លកបៃតង» ចូលរួមបណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការការពារនិងអភិរក្សធនធានធម្មជាតិ ដល់សហគមន៍ ដែលមានប្រយោជន៍សម្រាប់ជីវភាព ទាញចេញពីទេសចរណ៍ធម្មជាតិ និងការរក្សាព្រៃឈើសម្រាប់ឥណទានកាបូន៕
ដោយ៖ពលជ័យ

ads banner