រដ្ឋបាលខេត្តសៀមរាបប្រារព្ធយុទ្ធនាការលុបបំបាត់និងបញ្ចប់អំពើការជួញដូរមនុស្សលើកទី៣ឆ្នាំ២០២៤
សៀមរាប៖ពិធីផ្សព្វផ្សាយស្តីពីការលុបបំបាត់ និងបញ្ចប់អំពើការជួញដូរមនុស្សលើកទី៣ឆ្នាំ២០២៤ត្រូវបានប្រារព្ធនៅសួន ជ្រឹង មុខព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានមន្រ្តីថ្នាក់ដឹកនាំ មន្រ្តីរាជការមកអង្គភាព មន្ទីរ ស្ថាប័ន និងភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គការដៃគូររបស់រាជរដ្ឋាភិបាល សិស្ស លោកគ្រូ-អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរិទ្ធីយ៉ាងច្រើនកុះករ។
ពិធីដែលបានប្រព្រឹត្តទៅដើរដង្ហែជាក្បួនកាលពីថ្ងៃទី១៩ ខែតុលាដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ ) អមដោយលោកស្រី ម៉ន នីរង្សីអភិបាលរងខេត្ត អនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តសៀមរាប និងលោក លោកស្រីតំណាងស្ថានទូតប្រចាំកម្ពុជា ដូចជា អាមេរិក អូស្រ្តាលី ថៃ ហ្វីលីពីន វៀតណាម និងឡាវ ។
ពិធីនេះដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងសាធារណជន អំពីអំពើជួញដូរមនុស្ស ក្នុងគោលបំណង ចូលរួមប្តេជ្ញាចិត្តជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។នេះជាអ្វី
ដែលលោកស្រីអភិបាលរងខេត្តសៀមរាបបានលើកឡើង ។
បើតាមការលើកឡើងរបស់លោកស្រី ម៉ន នីរង្សី ខេត្តសៀមរាបជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរពីជនទុច្ចរិត។អាជ្ញាធរនិងអង្គការដៃគូរបានប្រឹងប្រែងរិះរកគ្រប់វិធានការរួមគ្នាដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចឱ្យបាននូវការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្សព្រមទាំងបានរៀបចំនូវ យន្តការការពារចំពោះប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដោយមិនប្រកាន់នូវជាតិសាសន៍ អ្វីទាំងអស់។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ យើងទាំងអស់គ្នានៅក្នុងពិធីនេះតំណាងឱ្យមនុស្ស ទូទាំងប្រទេសកម្ពុជា ។យើងបោះជំហានឆ្ពោះទៅមុខ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។យើងដឹងហើយថាមានមនុស្ស មួយក្រុមកំពុងតែព្យាយាមបំផ្លាញពិភពលោក។លោកជំទាវបន្តថា មនុស្សមួយក្រុមកំពុងតែរិះរកមធ្យោបាយដើម្បីបំផ្លាញ មនុស្សទៅតាមគ្រប់ទម្រង់នៃបទល្មើស ជាពិសេសគឺអំពើជួញដូរមនុស្ស។ក្រុមទាំងនេះមិនបានលើកលែងចំពោះមនុស្ស គ្រប់វ័យ គ្រប់សញ្ជាតិ គ្រប់ពណ៌សម្បុរ គ្រប់ឋានៈតួនាទី ដោយអំពើឃោរឃៅគិតតែពីផលចំណេញ លើមនុស្សដូចគ្នា ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែឈរចាំជួយយើង ។កំពុងតែការពារយើង និងផ្តល់នូវសេចក្តីសុខដល់យើង។ ដូច្នេះត្រូវរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា ៕
ដោយ៖ ប៊ុន រដ្ឋា