ព្យុះកំបុតត្បូង Oscar វាយលុកគុយបា ចំពេលដាច់ភ្លើងទូទាំងប្រទេស
ឡាហាវ៉ាន៖ ខ្យល់ព្យុះកំបុតត្បូងមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ កំពុងធ្វើដំណើរទៅវាយប្រហារគុយបា ចំពេលដែលប្រជាជាតិដីកោះនេះ កំពុងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។
ខ្យល់ព្យុះកំបុតត្បូងថ្មីមួយ មានឈ្មោះថា Oscar កំពុងហោះបោះពួយសំដៅទៅវាយប្រហារប្រទេសគុយបា។
ការមកដល់របស់ព្យុះកំបុតត្បូងនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរោងចក្រថាមពលដ៏ធំបំផុតរបស់គុយបាគាំងដំណើរការ។
បញ្ហានេះធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិ ដាក់សម្ពាធបន្ថែមលើប្រទេសដីកោះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាដ៏ខ្ពស់ កង្វះស្បៀងអាហារអាហារ ឱសថ ប្រេងឥន្ធនៈ និងទឹក។
ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរនៅភាគខាងកើតនៃកោះនេះ កំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃខ្យល់ព្យុះ Oscar។
យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បានឱ្យដឹងថា ជាមួយនឹងកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Oscar ត្រូវបានព្យាករណ៍ថា បានទៅដល់ភាគខាងកើតប្រទេសគុយបា កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយពាំនាំភ្លៀងធ្លាក់ខ្លាំង។
ប្រទេសគុយបាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសម្ព័ន្ធមិត្តសំខាន់ គឺសហភាពសូវៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។
យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រជាជនគុយបាជាង ៧០០,០០០នាក់បានធ្វើចំណាកស្រុក
ចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅចន្លោះខែមករា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៤។
នៅឆ្នាំ ២០២២ ប្រទេសដីកោះនេះ ក៏បានទទួលរងនូវការដាច់ចរន្តអគ្គីសនីទូទាំងប្រទេសជាច្រើនម៉ោងស្ទើរជារៀងរាល់ថ្ងៃផងដែរ ដោយសារតែការវាយប្រហាររបស់ព្យុះសង្ឃរា Ian៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា