អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណាដែលអាចរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក។
សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណា ដែលដឹងថា រុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលគ្រោងនឹងដំណើរការនៅខែវិច្ឆិកាខាងមុខនេះ។
ទន្ទឹមនឹងការប្រកាសនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់អង្គភាពសារព័ត៌មានរុស្ស៊ី Rybar LLC ថា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតភាពមិនចុះសម្រុងគ្នា, លើកកម្ពស់ការបែកបាក់សង្គម, បង្កជម្លោះបក្សពួក និងការរើសអើងពូជសាសន៍ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្អប់ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា Rybar បានបង្កើតប៉ុស្តិ៍មួយនៅលើវេទិកា X ដែលមានឈ្មោះថា “TexasvsUSA” ហើយបានប្រើវាមុនពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីកេងប្រវ័ញ្ចលើបញ្ហាជនអន្តោប្រវេសន៍ ដែលគ្មានឯកសារឆ្លងកាត់ព្រំដែនរដ្ឋតិចសាស់។
ក្រសួងការបរទេសអាមេរិកបន្ថែមថា Rybar ក៏បានប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម #HOLDTHELINE និង #STANDWTHTEXAS ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ីផងដែរ។
Rybar ត្រូវបានគេរាយការណ៍ថា ទទួលបានមូលនិធិពីអង្គការឧស្សាហកម្មការពារជាតិរុស្ស៊ី Rostec ដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនៅពុំទាន់មានប្រតិកម្មពី Rybar ឬអាជ្ញាធររុស្ស៊ីនៅឡើយទេ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា