រថភ្លើង “Zombie” នៅជប៉ុន ធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ
តូក្យូ៖ ប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺការសម្តែងជាខ្មោចឆៅ ឬ Zombies នៅលើរថភ្លើង។
តិចជាងពីរសប្តាហ៍មុនថ្ងៃបុណ្យ Halloween មកដល់ ប្រទេសជប៉ុនបានបង្កើតរឿងដ៏ព្រឺព្រួចមួយ សម្រាប់អ្នកដំណើរនៅលើរថភ្លើង ដោយហៅវាថា ជា “បទពិសោធន៍ផ្ទះខ្មោចដំបូងបង្អស់របស់ពិភពលោកនៅលើរថភ្លើង shinkansen”។
ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ មានតួអង្គតុបតែងខ្លួនធ្វើជាខ្មោចឆៅ ឬ Zombies ដើរលងបន្លាចអ្នកដំណើរនៅលើរថភ្លើង មានគោលដៅធ្វើដំណើរនៅចន្លោះទីក្រុងតូក្យូ និងទីក្រុងភាគខាងលិចនៃទីក្រុងអូសាកា។
បទពិសោធន៍ដ៏គួរឱ្យរន្ធត់នេះ ត្រូវបានបំផុសគំនិតចេញពីខ្សែភាពយន្តបែបរន្ធត់ឆ្នាំ ២០១៦ របស់កូរ៉េខាងត្បូង មានចំណងជើងថា “Train to Busan” ដែលក្នុងសាច់រឿងនោះ ឪពុក និងកូនស្រីបានជាប់នៅលើរថភ្លើង ដែលកំពុងតែប្រយុទ្ធនឹងខ្មោចឆៅដែលស្រេកឃ្លានសាច់មនុស្ស។
ដើម្បីបន្ថូរបន្ថយភាពភ័យរន្ធត់របស់ភ្ញៀវ ដំណើរកម្សាន្តតាមរថភ្លើងរយៈពេលពីរម៉ោងកន្លះនេះ ក៏មានទាំងការសម្តែងដ៏រីករាយ ពីក្រុមរាំខ្មោច Zombies អ្នកលេងសៀក និងអ្នកកំប្លែង រួមទាំងការបញ្ចេញក្បាច់រាំរបស់កំពូលតារាចម្រៀង POP របស់លោក Michael Jackson ផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីតម្រូវការសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប្រតិបត្តិករផ្លូវដែកបានចាប់ផ្តើមជួលបន្ទប់រថភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសដើម្បីធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន។
ភោជនីយដ្ឋានស៊ូស៊ី បារ និងសូម្បីតែការប្រកួតកីឡាចំបាប់ត្រូវបានរៀបចំឡើងនៅលើរថភ្លើងល្បឿនលឿន ហើយទូរថភ្លើងក៏អាចត្រូវបានបម្រុងទុកសម្រាប់ពិធីជប់លៀងឯកជនផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា