ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រី ជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវដឹងឱ្យបានគ្រប់ជ្រុង​ជ្រោ​យ សុខទុក្ខនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយ ដោះស្រាយជូនពួក​គាត់

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ និង សង្កាត់ទាំង១០៥ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ រាល់​សំណើរនិងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើរ​និង​សំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឺមិនមែនជាសំណើរ និងសំណូមពរ ដែលខ្លួនមិនទាន់បានអនុវត្តនោះទេ កុំយករួចខ្លួន ។

នេះគឺជាការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) រាជធានី​ភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ ថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយ​របស់​ប្រជា​ពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជា​ពលរដ្ឋ ត្រូវតែដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខនិងបញ្ហាប្រឈមនានារបស់​ប្រជាពលរដ្ឋ ហើយនាំគ្នា ដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយត្រូវតែសុំការអន្តរាគមន៍ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លាំងខ្លួនឯងមិនទាំងបានអនុវត្តផងនោះទេ ។

ឯកឧត្តម ម៉ប់ សារិន លើកឡើងថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិនេះ គឺដើម្បី ពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹង​រដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះ​ស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ​សម្រាប់សម្រេ​ចការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា៖ ក្នុងវេទិកានេះ ក៏មានបទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌនិងសង្កាត់ជា​បន្ត​បន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន,ការគ្រប់គ្រងសន្តិសុខ​សណ្តាប់ធ្នាប់,ការផ្តល់សេវារដ្ឋបាល,ការដោះស្រាយវិវាទមូលដ្ឋាន,ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍,ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ,រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌនិង​ការ​គ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner