ឧត្តមសេនីយ៍ឯក សួន ផល្លា ៖ បណ្តុះបណ្តាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព វិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើ គ្មានទីបញ្ចប់នោះទេ

(កំពង់ស្ពឺ)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យ លាភីសរុបចំនួន១៧៩នាក់ នារី ៤៤នាក់នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព វិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើ គ្មានទីបញ្ចប់នោះទេ ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភគ៣ ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការបណ្តុះបណ្តាល គឺដើម្បីចូលរួមចំណែកកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ស្របតាមផែនការអភិវឌ្ឍ ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន សាលាធ្វើការបណ្តុះបណ្តាលមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល សិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តនិង តាកែវ បានចំនួន ៧,៧១៨នាក់ នារី ៧៣១នាក់ ដែលក្នុងនោះ សិស្សនគរបាលជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រ នៅពេលនេះមានចំនួន ១៧៩នាក់ នារី៤៤នាក់ ដោយទទួលបានលទ្ធផលសិក្សា និទ្ទេសAល្អ ប្រសើរ១នាក់ B+ ល្អណាស់៣៥នាក់ Bល្អ៤៤នាក់ ល្អបង្គួរ៦៧នាក់ និងនិទ្ទេសDមធ្យម៣២នាក់ ។

ឧត្តមសេនីយ៍ឯក សួន ផល្លា បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញ នូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការ នៃអង្គភាពនគរបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យ កត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ៣ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃ ការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការ គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ទស្សនវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

ជាមួយគ្នានោះដែរ ឯកឧត្តម បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៣ ។

ឯកឧត្តម ក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់ប្អូនៗឱ្យ យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រ សិក្សាដល់សិស្ស នគរបាល ជ័យលាភីជានិមិត្តរូបចំនួន ២០រូប ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner