កសិករនៅស្រុកបារាយណ៍ និងស្រុកសន្ទុករងគ្រោះទឹកជំនន់ បានទទួលស្រូវពូជដើម្បីស្តារឡើងវិញ
កំពង់ធំ៖ជំនន់ទឹកភ្លៀងចាប់តាំងពីចុងខែកក្កដាកន្លងទៅបានបង្កឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ នៅខេត្តកំពង់ធំ គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុក។ប្រជាកសិករចំនួនជាង៧០០ គ្រួសារបានរងការប៉ះពាល់ខ្លាំងលើដំណាំស្រូវ ដែលត្រូវធ្វើការស្តារឡើងវិញបន្ទាប់ពីទឹកស្រកទៅវិញ។រដ្ឋាភិបាលកម្ពុជាបានជួយដោះស្រាយជាបន្ទាន់ជូនកសិករតាមរយៈការផ្តល់ស្រូវ
ពូជ។
កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចែកស្រូវពូជចំនួន១០៩ ,៥០០គីឡូក្រាមជូនប្រជាកសិករចំនួន ៧១៥គ្រួសារដែលរងគ្រោះដោយគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក។ការផ្ដល់ស្រូវពូជនេះ មានគោលបំណងក្នុងការជួយស្តារការដាំដុះឡើងវិញក្រោយរដូវទឹកស្រក។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយសារមើលឃើញពីលំបាកដែលបងប្អូន រងគ្រោះដោយទឹកជំនន់។គ្រួសារកសិករទទួលអំណោយត្រូវបានជ្រើសរើសដោយអនុវត្តតាមការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន។
គួររំលឹកថាទឹកជំនន់ភ្លៀងចាប់តាំងពីចុងខែកក្កដា បង្កឱ្យមានការប៉ះពាល់ដល់ស្រុកចំនួនគឺស្រុកបារាយណ៍និងស្រុកសន្ទុក ។ស្រុកបារាយណ៍មានប្រជាពលរដ្ឋរងគ្រោះចំនួន ៣១៥ នាក់ បានទទួលស្រូវពូជចំនួន ៣១,៥០០ គីឡូក្រាម និងស្រុកសន្ទុក មានប្រជាពលរដ្ឋ៤០០នាក់ទទួលបានស្រូវពូជ៧៨,០០០គីឡូក្រាម។គ្រោះទឹកជំនន់នេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវជនបទ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនផងដែរ៕
ដោយ៖ប៊ុនរដ្ឋា