មកស្តាប់ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយ និយាយពីសិល្បៈល្ខោន បាសាក់ខ្មែរ
បន្ទាយមានជ័យ៖នៅខេត្តភាគខាងលិចជាប់ព្រំដែនជាមួយប្រទេសថៃ ខេត្តបន្ទាយ មានជ័យមានល្ខោនបាសាក់មួយក្រុមឈ្មោះ ”រស្មីអង្គរ”ស្រុកមង្គលបូរី ។ក្រុមល្ខោនបាសាក់មួយនេះល្បីឈ្មោះគួរសមប្រចាំខេត្ត ។ “រស្មីអង្គរ ” នឹងធ្វើដំណើរទៅចូលរួមប្រលងល្ខោនបាសាក់ថ្នាក់ជាតិនៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ។
បើនិយាយអំពីសិល្បៈបុរាណខ្មែរ ទម្រង់សិល្បៈល្ខោនបាសាក់ បើទោះបីជាយើងទទួលស្គាល់ថា ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិក៏ដោយ ក៏បច្ចុប្បន្នទម្រង់សិល្បៈមួយនេះអាចឈរជើងបានដោយសារតែមានការលើកទឹកចិត្ត ការគាំទ្រ ការអភិរក្សពីថ្នាក់ដឹកនាំពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ។យុគសម័យទំនើបបានរុញឱ្យទម្រង់សិល្បៈបុរាណស្ថិតក្នុងស្ថានភាពមួយដែលទាមទារការរួមគ្នាថែរក្សា។
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤បានអធិប្បាយសង្ខេបពីដើមទងនៃកំណើតល្ខោនបាសាក់ ។ លោកបានបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំង កម្ពុជាក្រោម ដោយលោកគ្រូ សួ អតីតចៅអធិការវត្តខ្សាច់កណ្ដាលប្រាសាទព្រះត្រពាំងហើយត្រូវបានបន្តពង្រីកនិងយកមកផ្សព្វផ្សាយនូវសិល្បៈល្ខោននេះមកដល់ភ្នំពេញនាឆ្នាំ១៩៣៧ ពីសំណាក់លោក លី សួន ជាថៅកែល្ខោនឆាក្រួនរហូតមក។ ល្ខោនបាសាក់ជាសិល្បៈចំណាស់មួយក្នុងចំណោមសិល្បៈល្ខោនជាច្រើនក្នុងនោះមានដូចជា ល្ខោនខោល ល្ខោនយីកេ ល្ខោនមហោរី ជាដើម ។ល្ខោនបាសាក់បានបាត់បង់សាបសូន្យសម័យខ្មែរក្រហម ។លុះក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ វិស័យនានាបានរស់ឡើងវិញក្នុងនោះមាន សិល្បៈល្ខោនបាសាក់ ផងដែរ។
ដោយសំដៅរកស្ថានភាពបច្ចុប្បន្ន លោកប្រធានមន្ទីរវប្បធម៌បានទាញអារម្មណ៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើប ឬឌីជីថលបានធ្វើឱ្យវិស័យសិល្បៈបុរាណមានល្ខោនបាសាក់ ជាតួយ៉ាងកំពុងស្រុតចុះជាបណ្ដើរៗដោយសារទីផ្សារសិល្បៈបុរាណថយចុះចំនួនអ្នកមើល ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រក៏មានចំនួនតិចតួច ។ដូច្នេះប្រមុខរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការលើកស្ទួយគាំទ្រនូវសិល្បៈបុរាណគ្រប់ទម្រង់ ដោយធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសថ្មីៗដែលលាយបញ្ចូលតាមបែបឌីជីថលផ្នែកវិស័យមួយនេះ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាសេនាធិការ បាននិងកំពុងអនុវត្តបំផុសឱ្យមានការប្រលងប្រណាំងយ៉ាងផុលផុសទៀតផង។
ជាការលើកទឹកចិត្តដល់ក្រុមល្ខោនបាសាក់”រស្មីអង្គរ” ស្រុកមង្គលបូរី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានវត្តមានលោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផង លោក ម៉ៅ ស៊ី តំណាងលោកជំទាវ ម៉ៅម៉ាល័យ កែ គឹមយ៉ាន
បាននាំយកអំណោយជាថវិកាមួយចំនួនផ្តល់ជូនក្រុមល្ខោនបាសាក់ មុនពេលចប់មកប្រឡងនៅភ្នំពេញ។
ជាមួយគ្នានេះតំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានជូនពរដល់ក្រុមល្ខោនបាសាក់ រស្មីអង្គរ ស្រុកមង្គលបូរី ទទួលបានជោគជ័យ៕
ដោយ៖ គៀន ច័ន្ទហ៊ីន