ប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកសង្កែ និងស្រុករតនៈមណ្ឌល ស្វែងយល់បន្ថែមពីតម្រូវការរបស់ប្រជាពលរដ្ឋ
បាត់ដំបង៖ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលនិងបើកវេទិកាពិភាក្សាការងារជាមួយក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធនៅមូលដ្ឋាននៃស្រុកទាំង២ខាងលើដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។
ក្នុងជំនួបការពីចុងសប្ដាហ៍កន្លងទៅរបស់ឯកឧត្តម ហែម វណ្ឌីគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាដែលកំពុងកើតមានចំពោះមុខនៅក្នងមូលដ្ឋាន ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះ ស្រាយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
តាមការលើកឡើងរបស់អាជ្ញាធរក្នុងមូលដ្ឋានក្នុងស្រុកទាំង២ខាងលើនិងមន្ទ្រីជំនាញពាក់ព័ន្ធមូលដ្ឋានផ្ទាល់ ឯកឧត្តម ហែម វណ្ឌី បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានផ្ទាល់ ត្រូវធ្វើផែនការពីតម្រូវការជាក់ស្តែងទៅក្នុងផែនការ សកម្មភាពក្នុងមូលដ្ឋានខ្លួនឱ្យបានត្រឹមត្រូវជាក់លាក់ដើម្បីស្នើសុំទៅថ្នាក់ឃុំ ស្រុក ខេត្តផ្ទាល់របស់ខ្លួន។
ឯកឧត្តម ហែម វណ្ឌី បានបញ្ជាក់ថា រាល់សំណូមពរនិងកង្វល់របស់បងប្អូនដែលបានលើកឡើងក្នុងវេទិកាពិភាក្សាថ្ងៃនេះ ក្រុមការងារនឹងពិនិត្យ,ដើម្បីរួមគ្នាគិត,រួមគ្នាធ្វើនិងរួមគ្នាដោះស្រាយជូនបងប្អូនតាមជំហានលទ្ធភាពដែលក្រុមការងារអាចជួយបាន។ចំពោះបញ្ហាមួយចំនួនទៀតដែលបានលើកឡើងក្នុងវេទិកា លើសពីលទ្ធភាពក្រុមការងារ ក៏ក្រុមការងារទទួលយក នឹងខិតខំរិះរកលទ្ធភាពជួយប្រជាពលរដ្ឋជាជំហានៗជាបន្តបន្ទាប់៕
( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )