អង្គការសុខភាពពិភពលោក ៖ អេហ្ស៊ីបលែងមានជំងឺគ្រុនចាញ់ទៀតហើយ

គែរ៖ ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ថា អេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងហើយ។

អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរ និងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីអេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុង។

អាជ្ញាធរអេហ្ស៊ីបបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាលើកដំបូងរបស់ពួកគេ ដើម្បីកំចាត់ជំងឺគ្រុនចាញ់ ដែលចម្លងដោយសត្វមូសដ៏សាហាវចាយពេលជិត ១០០ឆ្នាំមកហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក (WHO) បានសរសើររដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប ដែលខិតខំប្រឹងប្រែងបញ្ចប់ជំងឺដែលមានវត្តមាននៅក្នុងប្រទេសតាំងពីបុរាណកាលមក។

WHO និយាយថា អេហ្ស៊ីបគឺជាប្រទេសទីបីហើយ នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើត ដែលទទួលបានវិញ្ញាបនប័ត្រលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។

ប៉ុន្តែ WHO និយាយថា វិញ្ញាបនប័ត្រនេះ គឺគ្រាន់តែជាការចាប់ផ្តើមដំណាក់កាលថ្មីមួយប៉ុណ្ណោះ ដោយអង្គការនេះ បានជំរុញឱ្យអេហ្ស៊ីប ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីរក្សាស្ថានភាពគ្មានជំងឺគ្រុនចាញ់។

ដើម្បីទទួលបានវិញ្ញាបនបត្ររបស់អង្គការសុខភាពពិភពលោកនេះ ប្រទេសមួយត្រូវតែបង្ហាញពីសមត្ថភាពទប់ស្កាត់ការកើតឡើងវិញនៃការឆ្លងជំងឺ ដែលយ៉ាងហោចណាស់ ៣ឆ្នាំជាប់ៗគ្នា។

នៅទូទាំងពិភពលោក ប្រទេសចំនួន៤៤ និងដែនដីមួយទៀតបានឈានដល់ការលុបបំបាត់ជំងឺគ្រុងចាញ់ទាំងស្រុង។ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្ទើរតែទាំងអស់នៃពួកគេនៅទ្វីបអាហ្វ្រិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner