លោក Musk ថា យាន Starship នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម ឬត្រីបាឡែនទេ
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និយាយថា យានអវកាស Starship របស់ខ្លួន នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។
មេធំ SpaceX លោក Elon Musk នឹងត្រូវតតាំងជាមួយការិយាធិបតេយ្យ ដើម្បីបញ្ចុះបញ្ចូលទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកថា យានអវកាស Starship របស់គាត់ នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលដែលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។
លោក Musk និយាយថា ក្រុមហ៊ុន SpaceX របស់គាត់ ត្រូវតែធ្វើការសិក្សាមួយ ដើម្បីពិនិត្យមើលថាតើយាន Starship នឹងបុកត្រីឆ្លាមដែរឬអត់ និងផលប៉ះពាល់បរិស្ថាន ពីព្រោះមហាសមុទ្រធំណាស់ ហើយមានត្រីឆ្លាមច្រើន។
លោក Musk បន្តថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែលោកមានឆន្ទៈអនុវត្តតាមតម្រូវការរបស់ជលផលសមុទ្រជាតិ ក្នុងលក្ខខណ្ឌដែលពួកគេផ្តល់ឱ្យគាត់នូវទិន្នន័យត្រីឆ្លាមដែលពាក់ព័ន្ធសម្រាប់ការវិភាគ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Musk ទីភ្នាក់ងារជលផលសមុទ្រជាតិបាននិយាយថា បច្ចុប្បន្នពួគេនៅពុំទាន់អាចផ្តល់ទិន្នន័យបានទេ។
មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបន្ថែមថា បើសិនគាត់ទទួលបានទិន្នន័យពាក់ព័ន្ធទាំងអស់ នោះ SpaceX នឹងផ្តល់ការធានាចាំបាច់ទាំងអស់៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា