មេដឹកនាំកំពូលវៀតណាមជំរុញការបង្ក្រាបអំពើពុករលួយ
បរទេស៖ លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានប្រាប់សភា កាលពីថ្ងៃច័ន្ទ អំពីការបន្តជុំវិញយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក៏ប៉ុន្តែ អ្នកវិភាគនិយាយថា វិធានការនេះ ត្រូវបានប្រើប្រាស់ សម្រាប់ការប្រជែង ផ្ទៃក្នុង។
លោក To Lam បានអំពាវនាវឱ្យសមាជិកសភា រឹតបន្តឹងវិន័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោក ហៅថា «បាតុភូតអវិជ្ជមាន» ។ ការបោសសម្អាតអំពើពុករលួយដ៏ធំបានចាប់ផ្តើមធ្វើ លើអតីតមេដឹកនាំអាជីវកម្ម និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល រាប់សិបនាក់ ចាប់តាំងពីឆ្នាំ២០២១។ មន្ត្រីតុលាវៀតណាម បាននិយាយ កាលពីសប្តាហ៍មុនថា មនុស្សជាង១ម៉ឺននាក់ ត្រូវបានកាត់ទោស នៅក្នុងសំណុំរឿងពុករលួយ ៤,៨០០លើក។
លោក Nguyen Khac Giang អ្នកវិភាគនយោបាយ នៅវិទ្យាស្ថាន ISEAS – Yusof Ishak បាននិយាយថា «តាមរយៈការតែងតាំង, យន្តការសសរស្តម្ភទាំងបួន ត្រូវបានស្ដារឡើងវិញ ប៉ុន្តែ មិនបង្កើតបានអ្នកកាន់អំណាច ដែលអាចប្រកួតប្រជែងនឹងលោក To Lam នៅឆ្នាំ២០២៦ អំឡុងសមាជបក្ស របស់វៀតណាម នោះទេ»។
គួរបញ្ជាក់ថា លោក Luong Cuong ដែលបានចំណាយពេលយ៉ាងច្រើន ក្នុងជួរកងទ័ព ត្រូវបានតែងតាំង ជាប្រធានរដ្ឋថ្មី របស់វៀតណាម ក្នុងសម័យប្រជុំសភា កាលពីថ្ងៃចន្ទ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត