ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ អាជ្ញាធរខេត្តកែប និងគ្រប់ភាគីទាំងអស់ រួមសហការគ្នាពង្រីកគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍
កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញឲ្យអាជ្ញាធរខេត្តកែប មន្ទីរស្ថាប័ន និងគ្រប់ភាគីទាំងអស់ ត្រូវរួមសហការគ្នាពង្រីកគោលដៅទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀតក្នុងខេត្តកែប ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។
នេះបើតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ការជួបជុំគ្នានាពេលនេះគឺដើម្បីរួមកម្លាំងគ្នាពូនជ្រុំការវិនិយោគសាធារណៈលើខឿនសេដ្ឋកិច្ចក្នុងខេត្តកែបឱ្យបានប្រសើរឡើង ។ ការវិនិយោគសាធារណៈនេះ គឺជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបានផលប្រយោជន៍និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ។ ទន្ទឹមនឹងនេះក៏ដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តរាជធានីដទៃទៀតចូលមកកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កែប ជាខេត្តដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលំហែកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានណែនាំនិងជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ត្រូវមានការឯកភាពរួមគ្នាសម្រាប់ខេត្តកែបដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ក្នុងនោះត្រូវរៀបចំឆ្នេរ ២៨០០ ដែលជាផលិតផលទេសចរណ៍ថ្មី១សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប។ ទន្ទឹមនេះ ត្រូវរៀបចំផ្លូវជិះកង់លំហែនៅតាមឆ្នេរសមុទ្រសំរាប់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋបានជិះកង់លំហែដើម្បីសុខភាពផងដែរ។
ឯកឧត្តមសាយ សំអាល់ មានប្រសាសន៍បន្ថែមថា ដោយសារកែបជាទីក្រុងទេសចរណ៍ ដូច្នេះយើងត្រូវផ្តោតសម្រេចអោយបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍ ៕
ដោយ / គ្រី សម្បត្តិ