ធនាគារ ព្រីនស៍ ជាប់ឈ្មោះជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024″ដែលប្រសិទ្ធនាមដោយស្ថាប័ន EUROMONEY និងបានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម

ភ្នំពេញ៖ ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសការជាប់នូវពានរង្វាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលបានជាប់ឈ្មោះជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024” ដែលប្រសិទ្ធនាមដោយស្ថាប័ន Euromoney ។ ការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ស្របតាមតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដោយពង្រឹងបន្ថែមនូវតួនាទីរបស់ធនាគារក្នុងការជួយដល់អាជីវកម្មក្នុងស្រុក និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោក ហ៊ន់ សុរចនា នាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវអំណរគុណ និងមានកិត្តិយសចំពោះភាពជោគជ័យរបស់ធនាគារសម្រាប់ការជឿទុកចិត្ត និងការសហការពីអតិថិជន និងដៃគូរបស់ខ្លួន។ “ពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាដៃគូធនាគារ ដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមកនេះ ធនាគារ ព្រីនស៍ បានវិវត្តន៍ខ្លួនទៅជាតួអង្គសំខាន់ក្នុងវិស័យធនាគារ និងភាពល្បីល្បាញក្នុងវិធីសាស្រ្តផ្តោតលើអតិថិជន និងការផ្តល់ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។”

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ម.ក

លោកបានបន្ថែមថា ការឈ្នះពានរង្វាន់នេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់សេវាធនាគារពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ធនាគារ ព្រីនស៍ បន្តធ្វើឱ្យប្រសើរដោយផ្តល់ជូននូវលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុដែលមិនអាចប្រៀបផ្ទឹមបាន និងដំណោះស្រាយឌីជីថលដ៏ទំនើប ដើម្បីធានាបានសហគ្រាសធុនតូច និងមធ្យមទទួលបានជំនួយ ដែលពួកគេត្រូវការក្នុងការទទួលភាពជោគជ័យ។

ធនាគារផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការពិសេសរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីអាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម ឥណទានវិបារូបន៍ សេវាបើកប្រាក់បៀវត្ស និងដំណោះស្រាយគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព។ ធនាគារក៏បានបង្កើតកម្មវិធីឌីជីថលស្តង់ដាខ្ពស់ចំនួនបីផងដែរ ដូចជា PRINCE Mobile, PRINCE MobileBiz និង PRINCE Merchant ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមអាចគ្រប់គ្រងគណនី ដំណើរការការទូទាត់តាមពេលវេលាជាក់ស្តែង និងធ្វើការវិនិយោគពីគ្រប់ទិសទី ជំរុញភាពបត់បែន និងប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងប្រតិបត្តិការអាជីវកម្ម។

ធនាគារ ព្រីនស៍ ជំនាញដោះស្រាយបញ្ហាស្មុគស្មាញក្នុងជំនួញអាជីវកម្មរបស់អតិថិជន

ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ព្រីនស៍ ក៏ផ្តល់នូវឥណទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងផ្សេងៗ រួមទាំងគម្រោងឥណទានអាជីវកម្មពិសេសសម្រាប់សហគ្រិនស្ត្រីផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ធនាគារនៅតែបន្តគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុឯកទេស ដូចជាប្រាក់បញ្ញើមានកាលកំណត់ គណនីមូលប្បទានប័ត្រ និងហិរញ្ញវត្ថុពាណិជ្ជកម្ម។ តាមរយៈភាពជាដៃគូនេះ ធនាគារក៏បានណែនាំគម្រោងការធានាផលប័ត្រសម្រាប់សហគ្រិនស្ត្រី ដោយផ្តល់ប្រាក់កម្ចីរហូតដល់ 100,000 ដុល្លារអាមេរិក ជាមួយនឹងលក្ខខណ្ឌអំណោយផល។

ភាពជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងយល់ពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះ គឺជាចំនុចសំខាន់ក្នុងភាពជោគជ័យរបស់ខ្លួន។ សម្លឹងឆ្ពោះទៅថ្ងៃអនាគត ធនាគារ ព្រីនស៍ បន្តផ្តោតលើការលើកកម្ពស់ការផ្តល់ និងប្រើប្រាស់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព ដោយធានាថា សហគ្រាសធុនតូច និងមធ្យមបន្តរីកចម្រើននៅក្នុងសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា។

ធនាគារក៏មានគោលបំណងរួមចំណែកជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែទូលំទូលាយ តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន ដែលលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមម្ចាស់សហគ្រាសធុនតូច និងមធ្យម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការកសាងអនាគតដ៏រុងរឿង និងរួមបញ្ចូលសម្រាប់អាជីវកម្មក្នុងស្រុក។

PRINCE KHQR វិធីសាស្ត្រទូទាត់ដ៏មានប្រសិទ្ធភាព និងពន្លឿនល្បឿនអាជីវកម្មរបស់អ្នក

ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានបើកយុទ្ធនាការផ្តល់ប្រាក់កម្ចីអាជីវកម្មពិសេស ដោយផ្តល់ប្រាក់កម្ចីរហូតដល់ 5,000,000 ដុល្លារអាមេរិក សម្រាប់រយៈពេលកម្ចីរហូតដល់ 10 ឆ្នាំ ក្នុងចំណោមផលិតផលផ្សេងៗទៀត រួមមាន ឥណទានវិបារូបន៍ និងឥណទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ។ លើសពីនេះ ធនាគារបានពង្រីកដំណាក់កាលទី 3 នៃគម្រោងសហហិរញ្ញប្បទានរបស់ខ្លួនជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍រហូតដល់ 500,000 ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ប្រកួតប្រជែង 6.5% ក្នុងមួយឆ្នាំ ដោយជួយឱ្យពួកគេងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត។

ពានរង្វាន់ Euromoney របស់ធនាគារ ព្រីនស៍ គឺជាការទទួលស្គាល់នៃភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តដោយឥតងាករេរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ តាមរយៈការបន្តគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាមួយនឹងដំណោះស្រាយសមស្រប និងបន្តកំណត់ស្តង់ដាថ្មីនៅក្នុងឧស្សាហកម្មធនាគារ ទន្ទឹមការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាពយូរអង្វែង។ ពានរង្វាន់ Euromoney កំណត់របារខ្ពស់សម្រាប់ស្ថាប័នធនាគារនៅទូទាំងតំបន់ និងបង្ហាញពីតួនាទីសំខាន់របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner