របកគំឃើញថ្មី អ្នកវិទ្យាសាស្ត្រជោគជ័យធ្វើឱ្យមនុស្សអាចទាក់ទងគ្នាក្នុងសុបិន

បរទេស៖ ក្រុមហ៊ុន REMspace ប្រកាសទទួលជោគជ័យការពិសោធន៍ថ្មីមួយ នោះគឺការធ្វើឱ្យមនុស្សពីរនាក់អាចទាក់ទងគ្នា តាមរយៈសុបិនរបស់ពួកគេ កាលពីថ្ងៃទី២៤ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន indiatoday។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា REMspace ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីឯកទេសខាងបច្ចេកវិទ្យាជំនួយការគេង និងការស្រមើស្រមៃ បានផ្លាស់ប្តូរសារក្នុងសុបិន្តរវាងមនុស្សពីរនាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ការពិសោធន៍ នៅពេលពួកគេកំពុងដេកលក់។

នៅពេលអ្នកចូលរួមដេកនៅលើគ្រែ ពួកគេត្រូវបានបំពាក់ដោយឧបករណ៍រចនាឡើងយ៉ាងពិសេស ដែលអាចតាមដានរលកខួរក្បាលរបស់ពួកគេ និងទិន្នន័យ polysomnographic ផ្សេងទៀតពីចម្ងាយ។

ឧបករណ៍ទាំងនេះត្រូវបានភ្ជាប់ទៅម៉ាស៊ីនមេកណ្តាល ដែលជាបេះដូងនៃប្រព័ន្ធ REMspace ដែលប្រើត្រួតពិនិត្យលំនាំនៃការគេងរបស់អ្នកចូលរួម។
ការពិសោធន៍បានចាប់ផ្តើម នៅពេលដែលបុគ្គលម្នាក់បានរសាត់ចូលទៅក្នុងសុបិន។ បន្ទាប់ពីបញ្ចប់ការពិសោធន៍ អ្នកចូលរួមទាំងពីរនាក់អះអាងថា ពួកគេពិតជាអាចទាក់ទងគ្នាបាននៅក្នុងសុបិន្តរបស់ពួកគេ។

យោងតាមសារព័ត៌មាន The Sun ក្រុមហ៊ុន REMspace និយាយថា ខ្លួនបានប្រើប្រាស់ឧបករណ៍រចនាឡើងជាពិសេស មានដូចជាម៉ាស៊ីនមេ ឧបករណ៍ Wi-Fi និងឧបករណ៍ចាប់សញ្ញា ប៉ុន្តែមិនបានបញ្ជាក់លំអិតពីបច្ចេកវិទ្យាអ្វីដែលខ្លួនប្រើនោះទេ។
ហើយបច្ចេកវិទ្យានេះ ក៏មិនទាន់ត្រូវបានទទួលស្គាល់ ឬចម្លងដោយអ្នកវិទ្យាសាស្ត្រផ្សេងទៀតដែរ។

ប៉ុន្តែប្រសិនបើការពិសោធន៍នេះ ត្រូវបានទទួលស្គាល់ពីអ្នកវិទ្យាសាស្រ្តអន្តរជាតិ នោះវានឹងក្លាយជាពិសោធន៍សំខាន់មួយ សម្រាប់ការស្រាវជ្រាវអំពីការគេងរបស់មនុស្ស ដែលនឹងមានប្រយោជន៍សម្រាប់វិស័យសុខាភិបាល មានដូចជាការព្យាបាលសុខភាពផ្លូវចិត្ត, ការបណ្តុះបណ្តាលជំនាញ និងការដោះស្រាយបញ្ហាជាច្រើនផ្សេងទៀត នេះបើតាមការអះអាងរបស់ REMspace៕

ប្រភព៖ indiatoday, Daily mail និង The Sun ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner