អ៊ីស្រាអែលចេញមុខសុំទោសភ្លាមៗ ក្រោយជ្រុលដៃសម្លាប់ទាហានលីបង់ ៣នាក់
ហ៊្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ បានទទួលស្គាល់កំហុស និងប្រកាសសុំទោសភ្លាមៗ បន្ទាប់ពីការវាយប្រហារជ្រុលដៃសម្លាប់ទាហានបីនាក់នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារឡានដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបើកចូលក្នុងតំបន់ ដែលពីមុន ខ្លួនធ្លាប់បានកំណត់គោលដៅវាយប្រហារលើឡានដឹកទំនិញក្រុមហេសបូឡា ដែលដឹកជញ្ជូនគ្រាប់ផ្លោង និងមីស៊ីល។
យោធាអ៊ីស្រាអែលបន្ថែមថា ការវាយប្រហារនៅពេលនោះ ពួកគេពិតជាមិន បាន ដឹង ថា ឡានដឹក ទំនិញ ទី២ ជា របស់ កងទ័ព លីបង់ ទេ ហើយអ៊ីស្រាអែលក៏មិនមានបំណងប្រឆាំងនឹងកងទ័ពលីបង់ដែរ ដូច្នេះហើយអ៊ីស្រាអែលសុំការអភ័យទោសចំពោះកំហុសបង្កឡើងដោយអចេតនានេះ។ គិតមកទល់ពេលនេះ ខាងភាគីលីបង់នៅពុំទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយ។
កងកម្លាំងអ៊ីស្រាអែលបានលុកលុយភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែតុលាកន្លងមកនេះ។ ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ធំៗនៃប្រទេសលីបង់ ដោយផ្តោតលើអ្វីដែលអ៊ីស្រាអែលនិយាយថា ជាទីតាំងឈរជើងរបស់ក្រុមហេសបូឡា។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែត និងមីស៊ីល រួមទាំងប្រើយន្តហោះដ្រូនពិឃាតរាប់ពាន់គ្រឿង វាយលុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាសព្វថ្ងៃនេះ៕
ប្រភព ៖ AP ប្រែសម្រួលដោយ : ឈឹម ទីណា