ឆ្នាំក្រោយចិនខ្វះកម្មករ ៣០លាននាក់ ក្រុមហ៊ុនផលិតឡានធំៗសំរុកទិញមនុស្សយន្តប្រើ
កាលីហ្វ័រញ៉ា ៖ មនុស្សយន្ត Walker S1 របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន UBTech បានទទួលការបញ្ជាទិញដល់ជាង ៥០០គ្រឿង ពីក្រុមហ៊ុនផលិតឡានធំៗ រួមទាំង BYD ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន SCMP។
មូលហេតុដែលក្រុមហ៊ុនទាំងនោះសំរុកទិញមនុស្សយន្តយកទៅប្រើបែបនេះ គឺដោយសារតែកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ផ្នែកផលិតកម្មនៅក្នុងប្រទេសចិន និងស្របពេលក្រុមហ៊ុនកាន់តែច្រើនឡើង ចាប់ផ្តើមទទួលយកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដើម្បីសម្រួលប្រតិបត្តិការរបស់ពួកគេ។ ឧស្សាហកម្មផលិតរបស់ប្រទេសចិន កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ឆ្នាំ ២០១៧ របស់ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានឱ្យដឹងថា ឧស្សាហកម្មសំខាន់ៗ មានដូចជាការផលិតឡាន ត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនូវកង្វះកម្មករចំនួន ៣០លាននាក់នៅឆ្នាំ ២០២៥។ ប្រធានក្រុមហ៊ុន UBTech លោក Tan Min និយាយថា ប្រហែល ៧០%នៃការងារនៅក្នុងរោងចក្រស្វ័យប្រវត្តិបច្ចុប្បន្ន ធ្វើដោយមនុស្សយន្ត ខណៈ ៣០%ទៀត គឺធ្វើដោយមនុស្ស។
ក្រុមហ៊ុន UBTech និយាយថា មនុស្សយន្តឆ្លាតវៃ Walker S1 មានកម្ពស់ ១.៧២ម៉ែត្រ និងទម្ងន់ ៧៦គីឡូក្រាម ដែលប្រហាក់ប្រហែលនឹងមនុស្សធម្មតា។ បច្ចុប្បន្នមិនទាន់មានប្រភពទម្លាយឱ្យដឹងពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែជាមួយនឹងសមត្ថភាពបំពេញការងារច្រើនយ៉ាង មនុស្សយន្តនេះ ត្រូវបានរំពឹងថា នឹងជួយបន្ធូរបន្ថយតម្រូវការកម្លាំងពលកម្មក្នុងឧស្សាហកម្មផលិតកម្ម៕
ប្រភព៖ SCMP ប្រែសម្រួលដោយ៖ ឈឹម ទីណា