Paetongtarn មិនបារម្ភពីការស៊ើបអង្កេតលើបក្សភឿថៃ
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីមិនព្រួយបារម្ភអំពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ EC ស៊ើបអង្កេតគណបក្សភឿថៃ និងដៃគូចម្រុះ ចំនួន៦ របស់ខ្លួន ជុំវិញការចោទប្រកាន់ដែលថា ឪពុករបស់លោកស្រី «គ្រប់គ្រង» រដ្ឋាភិបាល នេះបើតាមកាសែត The Nation កាលពីថ្ងៃចន្ទ។
លោកស្រី Paetongtarn គឺជាមេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកស្រីបានបាននិយាយ ពេលដែលមានការសួរសំណួរ អំពីការស៊ើបអង្កេតដែលមិនទាន់សម្រេចថា «នាងខ្ញុំមិនបារម្ភទេ» នេះបើតាមប្រភពពី The Nation ដដែល។
កាលពីថ្ងៃសុក្រ ស្ថាប័ន EC បានសម្រេចចិត្ត បង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ បន្ទាប់ពីខ្លួនបានពិនិត្យញត្តិចំនួន ៦ ដែលស្វែងរកការរំលាយគណបក្សភឿថៃ និង ដៃគូចម្រុះរបស់ភឿថៃ ជុំវិញការចោទប្រកាន់ ដែលលើកឡើងថា មានការអនុញ្ញាតឱ្យលោក ថាក់ស៊ីន ណែនាំ និងមានឥទ្ធិពល លើការសម្រេចចិត្ត របស់ពួកគេ នៅក្នុងរដ្ឋាភិបាល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត