អ្នកបោះឆ្នោតប្រធានាធិបតីនៅអាមេរិក អាចបានរង្វាន់១លានដុល្លារ
បរទេស ៖ ទីភ្នាក់ងារព័ត៌មានអាមេរិក CNN បានចេញផ្សាយថា មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានប្រកាសថា លោកនឹងផ្តល់ប្រាក់ចំនួន ១លានដុល្លារ ជាប្រចាំថ្ងៃ ដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួច នៅក្នុងរដ្ឋប្រកួតប្រជែងក្តៅគគុក។
អ្នកជំនាញច្បាប់បោះឆ្នោត និងមន្ត្រីបាននិយាយថា ជាការបំពានច្បាប់ ចំពោះការបង់ប្រាក់ឱ្យមនុស្សចុះឈ្មោះបោះឆ្នោត បែបនេះ។
អំឡុងយុទ្ធនាការ កាលពីថ្ងៃសៅរ៍ លោក Elon Musk ដែលគេជឿថា គាំទ្របេក្ខភាព Donald Trump បានប្រកាសថា «យើងចង់បាន ជាង១លាននាក់ ឬ ២លាននាក់ ពីអ្នកបោះឆ្នោត នៅក្នុងរដ្ឋសមរភូមិ ចុះហត្ថលេខាលើញត្តិ ដើម្បីគាំទ្រដល់វិសោធនកម្មទីមួយ និងទីពីរ… យើងនឹងផ្តល់រង្វាន់១លានដុល្លារ ដោយចៃដន្យ ដល់អ្នកដែលចុះហត្ថលេខា ជារៀងរាល់ថ្ងៃ ចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោត»។
ម្ចាស់ក្រុមហ៊ុន X និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ កំពុងសំដៅលើញត្តិ ដែលដាក់ចេញដោយគណៈកម្មាធិការសកម្មភាពនយោបាយរបស់លោក ដែលបញ្ជាក់ពីការគាំទ្រសម្រាប់សិទ្ធិសេរីភាព ក្នុងការនិយាយ និងកាន់អាវុធ។ គេហទំព័ររបស់ញត្តិ បញ្ជាក់ថា កម្មវិធីនេះបើកសម្រាប់តែអ្នកបោះឆ្នោត ដែលបានចុះឈ្មោះ នៅក្នុងរដ្ឋ Pennsylvania, Georgia, Nevada, Arizona, Michigan, Wisconsin និង North Carolina តែប៉ុណ្ណោះ»។
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយថា ការផ្តល់ជូនរបស់លោក Musk គឺ ជាអ្វីដែលគួរព្រួយបារម្ភយ៉ាងខ្លាំង ហើយ អ្នកអនុវត្តច្បាប់ អាចពិនិត្យមើលបាន។ លោក Derek Muller អ្នកជំនាញច្បាប់បោះឆ្នោត បានអះអាងថា អាចជាការស៊ីសំណូក៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត