តុលាការសម្រេចឲ្យអតីតមេដឹកនាំប្រទេសប៉េរូ ជាប់គុក២០ឆ្នាំ
បរទេស៖ តុលាការ ប្រទេសប៉េរូ កាលពីថ្ងៃចន្ទ បានកាត់ទោសអតីតប្រធានាធិបតី លោក Alejandro Toledo ឱ្យជាប់ពន្ធនាគារ ជាង២០ឆ្នាំ ពីបទទទួលសំណូករាប់លានដុល្លារ ពីក្រុមហ៊ុនសំណង់មួយ នៅប្រទេសប្រេស៊ីល ដែលមានរឿងអាស្រូវ។
តុលាការបានប្រកាស នៅក្នុងសវនាការ ដែលមានទាំងវត្តមាន បុរសវ័យ៧៨ឆ្នាំ រូបនេះ ចូលរួម ផងដែរ។ លោក Toledo បានដឹកនាំប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។
លោក Toledo និយាយថា លោកមានជំងឺមហារីក និងបញ្ហាបេះដូង ហើយហាក់ដូចជាស្ងប់ស្ងាត់ ខណៈដែលត្រូវបានគេរកឃើញថា មានពិរុទ្ធ ពីបទឃុបឃិតគ្នា និងការលាងលុយ ជុំវិញការទទួលយកប្រាក់ ៣៥លានដុល្លារ ពីក្រុមហ៊ុន Odebrecht ។
តុលាការបានរកឃើញថា លោក Toledo បានទទួលយកសំណូក ជាថ្នូរនឹងការដេញថ្លៃ សាងសង់ផ្លូវហាយវេអន្តរជាតិ ភ្ជាប់រវាងឆ្នេរ ប៉េរូ និងឆ្នេរ ប្រទេសប្រេស៊ីល។
កាលពីឆ្នាំមុន លោក Toledo ត្រូវបានធ្វើបត្យាប័ន ពីសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានរស់នៅ អស់ជាច្រើនឆ្នាំ មុនពេលមកទទួលទោស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត