គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ បានប​ញ្ច​​ប់ដោយជោគជ័យ

ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ បានប​ញ្ច​​ប់ដោយជោគជ័យ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួនក៏ដោយ ក៏ប៉ុន្តែដំណើរកា​រនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មិនទាន់បញ្ចប់នៅឡើយទេ។ ការងារដែ​ល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូ​ង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវ​ការ​។

ឯកឧត្តម យិច សមិទ្ធិ បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេ​ញពីប​ញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន ៣ ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងស​ម្រា​ប់​បិ​ទផ្សាយជាសាធារណៈដូចខាងក្រោម៖

  • បិទផ្សាយ ១ ច្បាប់ នៅតាមសាលាឃុំ សង្កាត់
  • បិទផ្សាយ ១ ច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និង
  • ផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។
    សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និ​ង​ទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះ​ឆ្នោត គ.ជ.ប បានបង្ហោះបញ្ជីទាំងពីរនេះ នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.go​v​.​k​h និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។
    បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្ន​ន័យសំ​ខា​ន់​ៗដូចខា​​ងក្រោម៖
    1/ ឈ្មោះ និងលេខកូដរាជធានី ខេត្ត
    2/ ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ
    3/ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត
    4/ កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត
    5/ អត្តលេខអ្នកបោះឆ្នោត
    6/ រូបថតរបស់អ្នកបោះឆ្នោត
    7/ នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ
    8/ ភេទ
    9/ ថ្ងៃ ខែ ឆ្នាំកំណើត
    10/ លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
    ដោយឡែក ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត​ បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.go​v​.​k​h​​ និងតាមកម្មវិ​ធីទូរសព្ទដៃ (App) NEC KH នឹងបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដកា​រិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោ​ត អត្ត​លេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំ​ណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងមានបង្ហា​ញ​ប​ន្ថែមនូវ​ការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា គោលដៅនៃការផ្សព្វផ្សាយ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅតាមករ​ណី​ដែ​ល​ខ្ញុំនឹងជម្រាបជូននៅផ្នែកពាក្យបណ្តឹងនាពេលបន្តិចទៀតនេះ។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹ​ងត្រូវលុបចេ​ញ​ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សា​យត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទ​​ន្ទឹ​ម​គ្នា​លើទីតាំងតែ​មួយ ដើម្បីឱ្យអ្នកបោះ-ឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័​យ​របស់ខ្លួន។
ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ៩.៩៩២.៤២១ (ប្រាំបួនលាន ប្រាំបួនរយកៅសិបពីរពាន់ បួនរយម្ភៃមួយ) នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.៣០៤.៨៥៥ (ប្រាំលាន បីរយបួនពាន់ ប្រាំបីរយហាសិបប្រាំ) នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.១៩០ (ម្ភៃបួនពាន់ មួយរយកៅសិប) ការិយាល័យ។ ដោយឡែ​ក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១១១.៨៨៩ (មួយរយដប់មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំបួន) នាក់។

គណបក្ស​​​​​​នយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិ​ទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិត​ប៉ុ​ណ្ណោះ​។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំនូវបញ្ជីបោះឆ្នោតតាមទម្រង់ PDF File ដែលមានបង្ហាញតែឈ្មោះ និ​ង​លេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នកបោះឆ្នោ​ត​ប៉ុណ្ណោះ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner