ក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលបានគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល​មួយចំនួនបាន បង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាប្រតិបត្តិបរិស្ថាន ជាពិសេសចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់​ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

ការបង្ហាញប្តេជ្ញាចិត្តចូលរួម និងគាំទ្រនេះដែរធ្វើឡើងនាឱកាសជួប ពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួបរិស្ថានជាមួយ​ប្រធានប្រតិភូ​ថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងចាត់ទុកថាជាការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជាមួយ តំណាងគណបក្សនយោបាយ​និង​សម្ព័ន្ធអង្គការសង្គមស៊ីវិល អំពីការសហការគ្នាធ្វើយ៉ាងណា ជំរុញ ភាពស្អាត ទាំងក្នុង និងខាងក្រៅ ទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស ដែលផ្លាស់ប្តូរឥរិយា​បថ​នៃការរស់នៅថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ គឺជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាព ល្បីរន្ទឺលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការចូលរួមពីអ្នកស្រឡាញ់​បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរ​អាប់ឱនកិត្តិយសនោះទេ ការចូលរួមគ្នាដើម្បីកម្ពុជាស្អាត គឺធ្វើឱ្យផ្ទះរបស់យើង​ទាំងអស់គ្នាស្អាត។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យតំណាងគណបក្ស​នយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេសចូលរួមដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើតគម្របបៃតងនៅកម្ពុជា និងជាកំណប់ទ្រព្យ ទុកឱ្យកូនចៅបន្ថែមទៀត។

គួរបញ្ជាក់ថា ថ្វីបើតំណាងគណបក្សនយោបាយ មាននិន្នាការផ្សេងៗគ្នាក៏ពិតមែន តែចំពោះការងារវិស័យបរិស្ថានវិញបែរជាធ្វើឱ្យអ្នកមាននិន្នាការផ្សេងៗគ្នា ងាកមកធ្វើការជាមួយគ្នាទៅវិញ កត្តានេះបានសរបញ្ជាក់ឱ្យឃើញថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពីព្រោះថាគ្រោះធម្មជាតិដែលកើតឡើងហើយ គឺតែងតែផ្តល់ទុក្ខទោសឱ្យមនុស្ស សត្វ និងធម្មជាតិដោយគ្មានការលើកលែងនៅទូទាំងសកលលោក។ នេះជាលើកទី១ហើយ ដែលប្រជាពលរដ្ឋខ្មែរបានឃើញ បានលឺអំពីចំណុចស្របស៊ីគ្នា រវាងតំណាងគណបក្សនយោបាយ ដែលមាននិន្នាការផ្សេងៗគ្នា តែមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner