កងកម្លាំងនគរបាលជាតិ បានកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខ ដែលកំពុងផ្លាស់ប្តូរ
(សៀមរាប)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ ៤ ខេត្តសៀមរាប នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានសភានគរបាលកម្ពុជា គូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ សន្តិសុខ ដែលកំពុងផ្លាស់ប្តូរ ។
ឧត្តមសេនីយ៍ទោ សាយ រឹទ្ធិសក្តិ នាយកសាលានគរបាល បានរាយការណ៍អំពីលទ្ធផលនៃការបណ្តុះបណ្តាលដល់សិស្សនគរបាល និងការកសាងសមត្ថភាពរបស់អង្គភាពថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី ២ ដែលមានរយៈពេលបណ្តុះបណ្តាល ចំនួន ៤ខែ មានសិស្សនគរបាល ១៨៣នាក់ ។
ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង បានថ្លែងថា ក្រសួងមហាផ្ទៃ បានដាក់អាទិភាពខ្ពស់ដល់ការអប់រំ និងការបណ្តុះបណ្តាលកងកម្លាំងនគរបាល ជាពិសេស ផែនការកំណែទម្រង់ កងកម្លាំងនគរបាលជានិច្ច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតប នឹងស្ថានការណ៍សន្តិសុខដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តមក៏បានសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់សាលានគរបាលភូមិភាគ ៤ ក្នុងការឆ្លើយតបនឹងតម្រូវការ នៃការបណ្តុះបណ្តាលនៅក្នុងយុគសម័យនៃសន្តិភាព និងការរីកចម្រើនជាតិ ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភី ឲ្យគោរព នូវបទបញ្ជា និងអង្គការវិន័យរបស់កងកម្លាំងនគរបាល ហើយបានផ្តល់អនុសាសន៍ល្អៗ និងបទពិសោធន៍សម្រាប់ ឲ្យសិស្សនគរបាលទាំងអស់យកទៅអនុវត្តន៍នៅក្នុងមូលដ្ឋាន។
ឯកឧត្តមក៏បានរំលឹកដល់សិស្សនគរបាលឲ្យបន្តការសិក្សាផ្សងព្រេង និងរក្សាវិន័យវិជ្ជាជីវៈ ក្នុងការបម្រើប្រជាពលរដ្ឋ ដោយបានអនុវត្តសុភាសិតថា “នៅឲ្យគេស្រឡាញ់ ពេលចាកចេញឲ្យគេនឹករលឹក” ដែលជាគោលជំនឿ របស់រាជរដ្ឋាភិបាលផងដែរ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាល និងសាលានគរបាលភូមិភាគ ៤ ៕
ដោយ ៖ វណ្ណលុក