មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់នាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្ងៃឯកភាពជាតិខ្មែរ ដែលកើតឡើងដោយស្នាព្រះហត្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន បាននាំមកនៅឯករាជ្យភាពជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរជូនជាតិ និងប្រជាជនកម្ពុជាមិនអាចកាត់ថ្លៃបានឡើយ។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជាទាំងមូល ជាថ្ងៃឯកភាពជាតិខ្មែរ ដោយកើតឡើងដោយស្នាព្រះហត្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដោយលោកទាំងពីរបានរួមគ្នាទើបធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប៉ុន្តែនៅឆ្នាំ១៩៩៨ ទើបអាចបញ្ចប់សង្គ្រាមបានដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។ លោកជំទាវបានបន្តថា ថ្ងៃទី២៣ តុលា គឺជាថ្ងៃរម្លឹកឡើងវិញនៅស្នាព្រះហត្ថ និងស្នាដៃរបស់វីរៈជននៃជាតិកម្ពុជា គឺករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលជាស្នាដៃដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះកូនខ្មែរមិនអាចបំភ្លេចបានទេ និងចងចាំជានិច្ច គឺអ្នកណាជាអ្នកសង្គ្រោះជាតិពិតប្រាកដ និងអ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ។

សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា ដែលមានភាគីជម្លោះកម្ពុជា ចំនួន៤ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រុំារៃនៅកម្ពុជា ដែលបានអូសបន្លាយអស់រយៈពេលជាង២ទសវត្សរ៍មក។

កិច្ចព្រមព្រៀង ២៣ តុលា នេះហើយ ទើបកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឱ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ។ ដោយត្រូវបានទទួលស្គាល់ជាទូទៅថា ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន អនេកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕
ដោយ៖ពលជ័យ
រូបភាព៖ អ៊ិនធើណិត

ads banner