ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា
(ឡាវ)៖ ក្រោយមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កាជាទីមោទនៈ នៅរាត្រីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅលើទឹកដីឡាវ ដែលជាសមាជិកមួយរបស់អាស៊ាន។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះ ជាមួយគ្រួសារអាយប៉ានិងគណៈប្រតិភូសភាប្រទេសសង្កេតការណ៍ គណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍របស់អាយប៉ា រួមនិងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលនិងមិត្តភាព។
ឯកឧត្តម សាយសំផន ភុមវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនគណៈប្រតិភូទាំងអស់ដែលបាន ផ្តល់កិត្តិយសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ដោយបានចូលរួមបញេ្ចញមតិយោបល់ ចែករំលែកបទពិសោធន៍ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូលធានានូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនដោយចីរភាព។
ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការជួបជុំនាពេលនេះ សម្រេចបាននូវសេចក្តីសម្រេចចំនួន ៣៧ ទាក់ទងបញ្ហានយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងទិសដៅការងារផ្ទាល់របស់អាយប៉ា។ ប្រធានអាយប៉ាលើកទី៤៥ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ។
នៅក្នុងពិធីលៀងសាយភោជន៍នេះ គណៈប្រតិភូបណ្តាប្រទេសសមាជិកអាយប៉ានីមួយៗ រួមទាំងកម្ពុជាដែរ បានសម្តែងសិល្បៈចម្រៀងបង្ហាញពីវប្បធម៌ ប្រពៃណី របស់ខ្លួន និងបានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ ស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។ ក្នុងបរិយាកាសសប្បាយរីករាយ សមាជិកអាយប៉ា អ្នកចូលរួម បានកំណត់ថានឹងជួបគ្នាម្តងទៀតនៅឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ