ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជិត ១០លាននាក់ និង អ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតជាង ១សែននាក់
(ភ្នំពេញ)៖តាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួនសរុប ៩.៩៩២.៤២១ នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.៣០៤.៨៥៥ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.១៩០ ការិយាល័យ។ដោយឡែកសម្រាប់អ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតវិញសរុបមាន១១១.៨៨៩នាក់។
បញ្ជាក់នៅក្នុង កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅ គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះ ឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ។
ឯកឧត្តមបានថ្លែងប្រាប់ថា”សម្រាប់ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ក្នុងនេះដូចជាមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ “។
ជាមួយគ្នាឯកឧត្តមបានបន្តឱ្យដឹងថា៖ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤នោះបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតក្នុងប្រព័ន្ធទិន្នរួចរាល់គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុង ឃុំ សង្កាត់នីមួយៗ ចំនួន ៣ ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈ ដូចជា៖បិទផ្សាយ ១ ច្បាប់ នៅតាមសាលាឃុំ សង្កាត់,បិទផ្សាយ ១ ច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និងផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។
ឯកឧត្តម យិច សមិទ្ធិឱ្យដឹងដែរថា៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.បនៅ បានបង្ហោះបញ្ជីទាំងពីរនេះ នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App)NEC KHផងដែរ។
គួរបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗដូចខាងក្រោម៖1/ ឈ្មោះ និងលេខកូដរាជធានី ខេត្ត,2/ ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ,3/ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត,4/ កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត,5/ អត្តលេខអ្នកបោះឆ្នោត,6/ រូបថតរបស់អ្នកបោះឆ្នោត,7/ នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ,8/ ភេទ,9/ ថ្ងៃ ខែ ឆ្នាំកំណើត,10/ លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ