រណ្តៅរុរករ៉ែមាសល្មើសច្បាប់ពីរកន្លែងនៅខេត្តព្រះវិហារ ត្រូវបានបង្រ្កាប
ព្រះវិហារ៖ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានដឹកនាំកម្លាំងចម្រុះ ក្នុងនេះមានសមត្ថកិច្ចនៃមន្ទីររ៉ែ និងថាមពលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបនិងកម្ទេចសម្ភារនៅរណ្តៅជីករុករករ៉ែមាសខុសច្បាប់ពីរកន្លែងទាំងស្រុងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង។
ទាក់ទងនឹងការបង្ក្រាបនិងកម្ទេចសម្ភារនៅរណ្តៅជីករុករករ៉ែមាសខុសច្បាប់ពីរកន្លែងនេះ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារបានប្រាប់អ្នកសារព័ត៌មានថា កន្លងមកក្រុមការងារមន្ទីរបានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងនោះជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ។ អាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរាក់ៗ។ហាមជីកលុងជ្រៅ។លោកបានបន្តថា ទីតាំងជីករុករករ៉ែមាសខុសច្បាប់ទាំង២ ដែលសមត្ថកិច្ចចុះបង្ក្រាប គឺទី ១.ម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោល និងទី២.មិនស្គាល់អត្តសញ្ញាណម្ចាស់នោះទេ តែទីតាំងទី២នេះ បានធ្វើនៅក្នុងដីឡូត៍ផ្ទះចែឆយ ត្រូវសមត្ថកិច្ចកម្ទេចចោលទាំងស្រុង។
ជាមួយនឹងការបង្រ្កាបនេះលោក ស៊ុន ចន្ទ័រក្សា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងទាំងអស់ ជាពិសេសកម្មករដែលចំណាកស្រុក មកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿតាមការលួងលោមបោកបញ្ឆោតរបស់ថៅកែៗ ជីករុករករ៉ែមាសខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវនោះទៀត ព្រោះជាហេតុនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ។
គួរបញ្ជាក់ថា ទីតាំងជីករុករករ៉ែមាសខាងលើ គឺជាទីតាំងដែលរាជរដ្ឋាភិបាល បានផ្តល់សិទ្ធឱ្យក្រុមហ៊ុនដែលខម កម្ពុជា ធ្វើការស្រាវជ្រាវរុករករ៉ែមាស ។ជាមួយគ្នានេះអាជ្ញាធរ និងមន្ទីរជំនាញបានហាមមិនឱ្យប្រជាពលរដ្ឋ ជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ ត្បិតក្នុងឆ្នាំកន្លងទៅការជីកពុំមានបច្ចេកទេសនេះបានធ្វើឱ្យកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់៕
ដោយ៖ឡុង សំបូរ