វេទិកា ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចប់ និងបានកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយ រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ក្នុងរយៈពេល ១ថ្ងៃកន្លះនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង ១០៥ បានលើកឡើងជាសំណើរនិងសំណូមចំនួន ២៣ ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។
វេទិការយៈពេល១ថ្ងៃកន្លះនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ។
សំណើរនិងសំណូមជាច្រើនរួមមាន ៖ ស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ស្នើសុំឱ្យបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ស្នើសុំចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ ១ដងរួមគ្នា ។
ឯកឧត្ដមឃួង ស្រេង លើកឡើងថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជាដែលមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕
ដោយ ៖ ហេង សម្បត្តិ+ ដេត វិចិត្រ