ប្រមុខការទូតអាមេរិកហោះទៅអ៊ីស្រាអែលជាថ្មី ជំរុញបទឈប់បាញ់ហ្គាហ្សា និងបញ្ចប់សង្គ្រាមលីបង់
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារនេះ បានទៅដល់ប្រទេសអ៊ីស្រាអែលសាជាថ្មីម្តងទៀត ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋបាលរបស់លោក បៃដិន អំពាវនាវឱ្យពន្លត់ភ្លើងសង្រ្គាមនៅលីបង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នេះជាការបំពេញទស្សនកិច្ចលើកទី១១ របស់លោក ប្លីងគែន ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីពួកហាម៉ាសវាយលុកអ៊ីស្រាអែល កាលពីជាងមួយឆ្នាំមុន បង្កឱ្យមានភ្លើងសង្រ្គាមឆេះរោលរាលតំបន់ហ្គាហ្សា និងជាលើកដំបូងចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែពុះកញ្ជ្រលកាលពីចុងខែមុន។
កាសែតបារាំង France24 រាយការណ៍ថា លោក ប្លីងគែន គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្ត្រីកំពូលៗផ្សេងទៀត ខណៈដែលអ៊ីស្រាអែលកំពុងថ្លឹងថ្លែងការសងសឹក ចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី១ ខែតុលារបស់អ៊ីរ៉ង់។
មន្ត្រីអមដំណើរប្រមុខការទូតអាមេរិកនិយាយថា លោក ប្លីងគែន ក៏មានគម្រោងពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល អំពីការវាយប្រហារយោធាដែលរំពឹងទុកលើអ៊ីរ៉ង់ ក៏ដូចជាសកម្មភាពដែលអាចបង្កើនជម្លោះរីករាលដាលកាន់តែធំឡើងនៅក្នុងតំបន់។
ទោះបីជាយ៉ាងណា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទម្សិលមិញនេះ ក៏បានព្រមានសហរដ្ឋអាមេរិកផងដែរថា នឹងរ៉ាប់រងការខូចខាតពេញទំហឹង បើសិនអ៊ីស្រាអែលហ៊ានវាយប្រហារដោយមីស៊ីលសងសឹកអ៊ីរ៉ង់វិញ។ សង្គ្រាមនៅហ្គាហ្សា និងលីបង់ ក៏កំពុងអូសទាញក្រុមប្រដាប់អាវុធ ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ផ្សេងទៀត រួមទាំងនៅយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់ផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា