រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក បណ្តាលឱ្យស្លាប់កើន ៦១នាក់
(ខេត្តកណ្ដាល)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក បណ្តាលអោយស្លាប់កើន ៦១នាក់ និងបណ្តាលឱ្យខូចរថយន្ត ១០៦គ្រឿង ម៉ូតូ២៣៥គ្រឿង យានផ្សេងៗ ១៣គ្រឿង។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ។
ឯកឧត្ដម អភិបាលខេត្ត បន្តថា ៖ ការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងនោះដែរគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន២៣១ករណីស្មើ៩២%, បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៥២៨ករណី និងបង្ក្រាបល្បែងស៊ីសងចំនួន ៤៦ករណី។
ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នាថ្ងៃនេះ គឺបង្ហាញពីការរៀបចំផែនការយុទ្ធសាស្ត្រ ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា “ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយផ្តោតលើវិស័យអាទិភាពចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។
ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា៖ ផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និង សុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ ៕
ដោយ ៖ ង៉ាន់ ទិត្យ