វិស័យព្រះពុទ្ធសាសនា ចូលរួមចំណែក និងដើរតួនាទីសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ នៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា ការចូលរួម អនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់នៅក្នុងវត្តច័ន្ទបុរីវង្ស កើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឱ្យបានឋិតថេរគង់វង្ស ។
ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា ០៣យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបាន ប្រកបដោយភាពចម្រុងចម្រើនគឺ៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាស បញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ អាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាន នូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើន នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការចូលរួមចំណែកអភិវឌ្ឍ សមិទ្ធផលនានា តាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើន ដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សន្តិភាព សម្រាប់កូនចៅរបស់យើង គ្រប់ជំនាន់តទៅទៀត ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តច័ន្ទបុរីវង្ស មានចំនួន ៣៣១លាន ១៣ម៉ឺនរៀល (ត្រៃធំ៤៣, ត្រៃលាង២៧), ក្នុងនោះ បច្ច័យរបស់នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ២០០លានរៀល និងបានឧបត្ថម្ភដល់ រដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាច្រើនទៀតផងដែរ ៕
ដោយ ៖ វណ្ណលុក