ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។ សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមជាសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សិក្ខាសាលាដែលកំពុងដំណើរការនារសៀលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំ ដែលជាប្រធានស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣គឺ៖ (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។
គួររម្លឹកថា កាលពីសប្តាហ៍មុន ក្រសួងមុខងារសាធារណៈ បានសហការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំជាមួយក្រសួងចំនួន៤ រួចមកហើយ ក្នុងនោះ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ក្រសួងស្ថាប័ន តាមរយៈការបែងចែកជា៤វិស័យ គឺ វិស័យរដ្ឋបាល វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច និង វិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ។
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្ត ការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេច គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ក្រៅពីការរៀបចំវគ្គបណ្តុះបណ្តាលសមត្ថភាពមន្ត្រីអនុវត្តការងារ សិក្ខាសាលាផ្សព្វផ្សាយសម្រាប់មន្ត្រី ជំនាញគ្រប់ក្រសួងស្ថាប័ន រួមទាំងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ក្រុមការងារបច្ចេកទេស បានធ្វើការ ចុះតាមបណ្តាក្រសួងស្ថាប័ន ចំនួន៣១ នៃវិស័យទាំង៤ ក្នុងគោលបំណងគាំទ្រ និងសម្របសម្រួលការងារ។
ជាបន្តបន្ទាប់ ក្រសួង ស្ថាប័ន បានដាក់ជូនជារបាយការណ៍ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិង រចនាសម្ព័ន្ធ មកកាន់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ និងរៀបចំយន្តការការងារបន្ត។ កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំបច្ចេកទេសគ្រប់ក្រសួង ស្ថាប័ន ក៏ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំ នាពេលកន្លងមក ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិគ្រោះពិភាក្សាអំពីដំណើរការនៃការអនុវត្តការងារ ការកំណត់ធាតុចូលសម្រាប់ការរៀបចំ កែលម្អ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ និងឯកសារនានា។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើ អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាព ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា