អ៊ីស្រាអែលផ្តើមវាយលុកជិតមន្ទីរពេទ្យលីបង់ នឹកដល់មហន្តរាយសុខាភិបាលនៅហ្គាហ្សា
បរទេស៖ ទីភ្នាក់ងារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលបានវាយលុកក្បែរមន្ទីរពេទ្យដ៏ធំបំផុត របស់ប្រទេសលីបង់ នាំឲ្យមានការនឹកឃើញដល់ការវាយប្រហារ លើពេទ្យនៅហ្គាហ្សា ដែលវិនាស ដល់សព្វថ្ងៃ។
ប្រភពបានឲ្យដឹងថា នៅរដ្ឋធានី Beirut បានរងការវាយប្រហាររបស់អ៊ីស្រាអែល នៅខាងក្រៅមន្ទីរពេទ្យសាធារណៈដ៏ធំបំផុតរបស់ប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមទាំងកុមារម្នាក់ផងដែរ នេះបើតាមក្រសួងសុខាភិបាល។
ការវិភាគរបស់ CNN បានរកឃើញថា ការវាយប្រហារនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri មិនស្ថិតនៅក្នុងតំបន់ដែលអ៊ីស្រាអែលប្រាប់ឲ្យពលរដ្ឋលីបង់ជម្លៀសចេញ នោះទេ។
យោធារបស់អ៊ីស្រាអែលបានចោទប្រកាន់ថា លេនដ្ឋានរបស់ ពួក ហេសបូឡាហ៍ លាក់នៅក្រោមមន្ទីរពេទ្យក្នុងទីក្រុង Beirut ប៉ុន្តែ មន្ត្រីនៅទីនោះ បាននិយាយថា ការអះអាងនេះគឺ «គ្មានមូលដ្ឋាន» ហើយថា អ៊ីស្រាអែលបានធ្វើការចោទប្រកាន់ស្រដៀងគ្នា នៅហ្គាហ្សា។ ដោយពេលនោះ ដំបូងឡើយ ចោទថា ពួកហាម៉ាស់លាក់ខ្លួន រួចយកលេស កំណត់គោលដៅ វាយប្រហារលើកន្លែងព្យាបាល នាំឲ្យសុខាភិបាលនៅហ្គាហ្សា ធ្លាក់ក្នុងមហន្តរាយធ្ងន់ធ្ងរ ដល់សព្វថ្ងៃ។
គួររម្លឹកថា កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនប្រឆាំងនឹងគោលដៅ នានា ក្នុងប្រទេសលីបង់ ហើយក្រោយមក បានបញ្ជូនកងកម្លាំងជើងគោក បន្ទាប់ពីការផ្លាស់ប្តូរឆ្លងព្រំដែនជិតមួយឆ្នាំ ជាមួយក្រុម Hezbollah ជា ក្រុមដែលអះអាងថា ធ្វើសកម្មភាពគាំទ្រពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
យោងតាមតួលេខផ្លូវការរបស់ AFP បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ជិត ២,៥០០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សា អំឡុងមួយឆ្នាំ នេះបើយោងតាមអាជ្ញាធរលីបង់ ក្នុងនោះ ជាងពាក់កណ្តាលនៃចំនួននេះ គឺចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ មក៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត