អភិបាលខេត្តបាត់ដំបងប្រគល់ផ្ទះលេខរៀងទី១៥ជាអំណោយសាខាកាកបាទក្រហមខេត្តជូនពលរដ្ឋក្រីក្រនៅស្រុកគាស់ក្រឡ
បាត់ដំបងផ្ទះមួយខ្នងដែលមានលេខរៀងទី១៥ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រគល់ជូនដល់គ្រួសារ លោក ឈួន យ៉ន អាយុ៥៧ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃ , ប្រពន្ធឈ្មោះ ស៊ុន លន។គ្រួសារនេះមានកូនប្រុសពិការភាព និងជីវភាពក្រីក្ររស់នៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។
ផ្ទះទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ,ជញ្ជាំងស៊ីម៉ង់តិ៍ ,ក្រាលការ៉ូ ,ដំបូលប្រក់សង្ក័សី ,មានបន្ទប់ទឹកមួយនិងតសំយ៉ាបនៅខាងមុខផ្ទះប្រវែង២,៥ម៉ែត្រផង ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងសហការីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមនុស្សធម៌ ជូនដល់គ្រួសារលោក ឈួន យ៉ន ដោយផ្ទាល់ ព្រមទាំងបានជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារមកពីភូមិចំនួន៧ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ ។
លោក ញឹក សារ៉ែន ប្រធានអនុសាខាស្រុកគាស់ក្រឡបាននិយាយថា គ្រួសារលោក ឈួន យ៉ន មានជីវភាពទីទ័លខ្លាំងថែមទាំងមានជំងឺប្រចាំកាយនិងមានកូនពិការទៀតផង។ផ្ទះចាស់របស់គ្រួសារ នេះចាស់ទ្រុឌទ្រោមខ្លាំង។ពេលមានភ្លៀង ខ្យល់ម្តងៗ កន្លែងដែលធ្លុះ ធ្លាយហូរស្រក់ទឹកពេញផ្ទះ។ ក្រៅពីទទួលបាននូវការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋានផ្ទាល់ គ្រួសារលោកក៏ទទួលបានការអាណិត អាសូរនិងការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ បណ្ណសមធម៌ជូនគ្រួសារគាត់ ផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តបាននាំ នូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួម ត្រេកអរ ជាមួយលោក ឈួន យ៉ននិង លោកស្រី ស៊ុន លន ដែលទទួលបាន នូវទីជម្រកថ្មីដ៏សែនកក់ក្ដៅ សម្រាប់ជ្រកកោនតរៀងទៅ។
ជាមួយនឹងការប្រគល់គេហដ្ឋាន ឯកឧត្តម សុខ លូ ជូនអំណោយ បន្ថែមដើម្បីអបអរផ្ទះថ្មីមាន អង្ករ ១០០គីឡូក្រាម, មី២កេស , ទឹកត្រី២យួរ,ទឹកស៊ីអ៊ីវ២យួរ,ត្រីខ២យួរ,ទឹកបរិសុទ្ធ៤កេសនិងថវិកាបួនសែនរៀល៕
អត្ថបទ-រូបភាព= អ៊ុក សំអាន បប.