ឯកឧត្តម គង់ សុភី ៖ ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ច​ព្រមព្រៀង​ការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព មកជាទម្រង់ប្រព័ន្ធ​និយោជន៍ ដោយទម្រង់ទាំងពីរត្រូវដើរទន្ទឹមគ្នា

ភ្នំពេញ៖ មានប្រសាសន៍ក្នុងបទបង្ហាញ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម​នៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀង ការងារ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ​បច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. បានលើកឡើងថា “ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រម​ព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារ ពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយត្រូវដើរទន្ទឹមគ្នា ពោលគឺ ការជ្រើសរើស មន្ត្រីរាជការផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវមានការរៀបចំផែនការច្បាស់លាស់ មានព័ត៌មានមុខតំណែងដូចជា ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងច្បាស់លាស់ ឈ្មោះមុខតំណែង ឈ្មោះអង្គភាព និងទីតាំងភូមិសាស្ត្រ ឈ្មោះប្រធានអង្គភាព គណនេយ្យភាព តួនាទី និងការទទួលខុសត្រូវសម្រាប់មុខតំណែង ជាពិសេសគឺគុណវុឌ្ឍិ ឬលក្ខណៈសម្បត្តិស័ក្តិសមសម្រាប់មុខតំណែង។”

“សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើសនិងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាការជ្រើសរើស និងការគ្រប់គ្រង មន្រ្តីក្នុង រដ្ឋបាល សាធារណៈ តាមកិច្ចសន្យាការងារ ដូចគ្នាទៅនឹងការអនុវត្តក្នុងវិស័យឯកជន ដែលមានលក្ខណៈទន់ភ្លន់ ប៉ុន្តែច្បាស់លាស់។

“កិច្ចការដែលកំពុងពិភាក្សានាពេលនេះ គឺជាការអនុវត្តតាមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់ និងមោះមុតដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងា​រសាធារណៈ ក្នុងគោលដៅដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែលមាន​សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។” ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែម។

សូមជម្រាបថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលកំពុងលើកយកមកពិគ្រោះ​យោបល់ព្រឹកនេះ មាន ៧ជំពូក និង៤៧មាត្រា។ ទស្សនាទានសំខាន់ៗដែល​ជាមូលដ្ឋាន​ក្នុងការរៀបចំ ព្រះរាជក្រឹត្យនេះរួមមាន៖

(១) ការជ្រើសរើសមន្ត្រី​ផ្អែកលើមុខតំណែង៖ មុខតំណែងដែលត្រូវប្រឡងជ្រើសរើសនីមួយៗ ត្រូវតែជា​តម្រូវការចាំបាច់ និងមានគ្រោងក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននិងរដ្ឋបាល​ថ្នាក់ក្រោមជាតិ។ មុខតំណែងនីមួយៗ ត្រូវកំណត់អំពីគណនេយ្យភាពនៃការ​ទទួល​ខុសត្រូវ កម្រិតប្រាក់បៀវត្សប្រចាំខែនៃមុខតំណែង និងការពិពណ៌នាមុខតំណែង (ឈ្មោះអង្គភាពនិងទីតាំងភូមិសាស្រ្ត, តួនាទីនិងការទទួលខុសត្រូវ, និងគុណវុឌ្ឍិសម្រាប់មុខតំណែង–កម្រិតសញ្ញាបត្រ ជំនាញវិជ្ជាជីវៈ បទពិសោធន៍ សមត្ថភាពអនុវត្តការងារជាក់ស្តែង និងឥរិយាបថរបស់មន្ត្រី ជាដើម)។

(២) ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៖ បង្កើតយន្តការរួមមួយ​ដែលមាន​លក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលផ្តល់​ឱកាសដល់មន្ត្រី និងប្រធានអង្គភាពជួបពិភាក្សា និងព្រមព្រៀងគ្នាលើការបែង​ចែកការងារ លក្ខខណ្ឌការងារ។ មន្រ្តីដែលត្រូវបានជ្រើសរើស ត្រូវគោរពនិងអនុវត្ត​ការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារ (ដូចប្រព័ន្ធការងារក្នុងវិស័យឯកជន)។

(៣) ការផ្តល់បៀវត្សនិងអត្ថប្រយោជន៍៖ មន្ត្រីផ្អែកតាមកិច្ចព្រមព្រៀងការងារ ទទួលបានបៀវត្សនិងប្រាក់រង្វាន់លើកទឹកចិត្តផ្អែកលើសមិទ្ធកម្មការងារជាក់ស្តែងរបស់មន្ត្រី ព្រមទាំងទទួលបានអត្ថប្រយោជន៍ សិទ្ធិ កាតព្វកិច្ច ការថែទាំសុខភាព ហានិភ័យការងារ និងរបបសន្តិសុខសង្គម ដូចគ្នានឹងមន្ត្រីក្របខណ្ឌ។

និង (៤) ការវាយតម្លៃសមិទ្ធកម្ម៖ ការបំពេញការងាររបស់មន្រ្តីផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ ត្រូវបានតាមដានត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ ដើម្បី​ផ្តល់​ការលើកទឹកចិត្ត ការវិវឌ្ឍន៍អាជីព ឬ បន្ត ឬ បញ្ចប់កិច្ចព្រមព្រៀងការងារ។

សម្រាប់ខ្លឹមសារលម្អិតនៃព្រះរាជក្រឹត្យ ក្រសួងមុខងារសាធា​រណៈ នឹងធ្វើវឌ្ឍនភាព​ជាបន្តបន្ទាប់ និងក្រោយពេលព្រះរាជ​ក្រឹត្យនេះត្រូវបានសម្រេចដាក់ចេញជាស្ថាពរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner