ថ្ងៃទី២៩ តុលា ខាងមុខនេះ នឹងមាន ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព​សប្បុរស​ធម៌​ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”

ភ្នំពេញ៖ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់អ្នកប្រដាល់គុនខ្មែរ និងក្រុម​បាល់​ទាត់​ពិធីករ​ពិធីការិនីអត្ថាធិប្បាយប្រដាល់គុនខ្មែរ និងត្រូវជួបប្រកួតគ្នានៅ​លើ ទីលាន​វាលស្មៅ​ក្នុងកីឡដ្ឋានស្តាតចាស់ នាថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ ក្នុងព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”។

នេះបើយោងតាមការប្រកាស ក្នុងសន្និសិទសារព័ត៌មាន នាល្ងាចថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៤ នៅអាគារកីឡាសម្តចពិជ័យ សេនាទៀ បាញ់ នាមជ្ឈមណ្ឌកីឡាកងយោធពលខេរភូមិន្ទស្តាតចាស់។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្រុមកីឡា​បាល់​ទាត់​អ្នកប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់​មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”ជាការប្រកួត​មួយធ្វើឡើង ដើម្បីប្រមូលថវិកាសប្បុរសធម៌ស្ម័គ្រចិត្តពីសប្បុរសជនគ្រប់​ទិសទីយក​ទៅ​ជួយដល់ក្លឹបប្រដាល់ដែលមានការខ្វះខាតកំពុងជួបប្រទះការលំបាកគ្មាន​កន្លែង​ហ្វឹកហាត់។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងទៀតថា ការប្រកួត​នេះ មហាកិត្តិយសគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង​ពីសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានលើកឡើងថា តាមការចុះ​ដោយ​ផ្ទាល់សិក្សាស្វែងយល់តាមបណ្តាខេត្តនានាកន្លងទៅនេះ មើលឃើញផ្ទាល់​ភ្នែក​នូវការខ្វះខាត និងការលំបាករបស់ក្លិបជាច្រើនដូចជាទីកន្លែងហ្វឹកហាត់ សម្ភារៈ និងថវិកាជាដើម ប៉ុន្តែពួកគាត់មានតែកម្លាំងកាយចិត្តតស៊ូហ្វឹកហាត់ទាំង​លំបាក​វេទនា។ ដោយមើលឃើញការខ្វះខាត និងទុក្ខលំបាករបស់គ្រូបង្វឹក កីឡាករ កីឡាការិនី​ដែលតស៊ូក្នុងប្រដាល់គុនខ្មែរទាំងនោះហើយ ទើបបានយើងទាំងអស់​គ្នារកវិធីសាស្ត្របង្កើតកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសនេះដើម្បីទទួលបានថវិកាសប្បុរសធម៌ដែលជួយពីសប្បុរសជនយកទៅជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានខ្លះ។

ឯកឧត្តម បានអះអាងថា ថវិកាដែលប្រមូលបានពីសប្បុរសជនតាមរយៈព្រឹត្តិការណ៍​បាល់ទាត់មិត្តភាពសប្បុរសធម៌នេះ នឹងចាត់ចែងយកទៅជួយដល់បណ្តាក្លឹប​ប្រដាល់​គុនខ្មែរដែលមានការលំបាក ក្នុងនោះក៏មានជួយសាងសងដល់កន្លែងហ្វឹកហាត់ និង​ជួស​ជុលក្លឹប ដើម្បីផ្តល់នូវជំរកហ្វឹកហាត់របស់កីឡាករកីឡាការិនីគុនខ្មែរ​ឱ្យបាន​សមរម្យ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំនាវដល់សប្បុរសជនគ្រប់ទិសទីចូលរួមផ្តល់ជា​ថវិកា​សប្បុរសធម៌ច្រើនក្តីតិចក្តីជួយគាំទ្រឧបត្ភដល់ក្លឹបប្រដាល់គុនខ្មែរខ្វះខាត់ ដោយចូលតាមរយៈក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរចាប់ពីថ្ងៃប្រកាសដំណឹងរហូតដល់ថ្ងៃប្រកួត ដើម្បីជួយលើកកម្ពស់អភិវឌ្ឍន៌ក្លឹបប្រដាល់ក្រីក្រឱ្យមាន​លទ្ធភាពបង្ហាត់បណ្តុះធនធានគុនខ្មែរបន្តវេន។

ដោយឡែកតារាចម្រៀង ខេម មានប្រសាសន៍ថា ក្រុមបាល់ទាត់តារាកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ពិតជាមានមហាកិត្តិសវិសេសវិសាលណាស់ដែលចូលរួមកិច្ចសប្បុរសធម៌។ ជាពិសេសការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីគុនខ្មែរ ហើយទទួលបានការគាំទ្រពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នេះកម្លាំងចិត្តដ៏ធំធេងដែលផ្តល់ឲ្យក្រុមបាល់ទាត់តារាកម្ពុជា ក៏ដូចជាអ្នកចូលរួមទាំងអស់មានបន្តធ្វើទៅថ្ងៃក្រោយទៀត។

សូមបញ្ជាក់ថា ការប្រកួតមាន២គូគឺចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។ ការប្រកួតគូទី១ ក្រុមបាល់ទាត់តារាកម្ពុជា (B) ប្រកួតជាមួយ ក្រុមអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ និងការប្រកួតគូទី២ ជាការជួបគ្នារវាង ក្រុមបាល់ទាត់តារាកម្ពុជា (A) ជាមួយ ក្រុមកីឡាករប្រដាល់គុនខ្មែរ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner