ចាប់ខ្លួនអតីត CEO ហាងខោវអាវ Abercrombie And Fitch ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល
បរទេស ៖ មេធាវីអាមេរិក លោក Breon Peace បាននិយាយ កាលពីថ្ងៃអង្គារថា អតីតនាយកប្រតិបត្តិនៃចក្រភពសម្លៀកបំពាក់ Abercrombie And Fitch ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរតារាម៉ូដែលប្រុស សម្រាប់ពិធីជប់លៀងផ្លូវភេទ ជុំវិញពិភពលោក។
ក្នុងនាមជានាយកប្រតិបត្តិ អស់រយៈពេលជាង ២ទសវត្សរ៍ លោក Jeffries បានផ្លាស់ប្តូរ Abercrombie And Fitch ទៅជាម៉ាកយីហោល្បីជាលក្ខណៈសកល សម្រាប់ម៉ូដយុវវ័យ។
អតីត CEO លោក Mike Jeffries ព្រមទាំង ដៃគូរបស់លោក ឈ្មោះ Matthew Smith និង James Jacobson ត្រូវបានគេចោទប្រកាន់ថា បានប្រើ “មុខតំណែង” ដើម្បីល្បួងបុរសៗ ដែលប្រាថ្នាចង់ធ្វើជាតារាម៉ូដែល ត្រូវចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដែលជនរងគ្រោះត្រូវប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន។
មេធាវីសហរដ្ឋអាមេរិក Breon Peace បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះ យើងមកទីនេះ ដើម្បីប្រកាសពីការចាប់ខ្លួន និងចោទប្រកាន់ជនជាប់ចោទបីនាក់ រួមមាន អតីតនាយកប្រតិបត្តិក្រុមហ៊ុន Abercrombie And Fitch លោក Michael Jeffries, លោក Matthew Smith និង James Jacobson ពីបទជួញដូរផ្លូវភេទ និងចូលរួមក្នុងអំពើពេស្យាកម្ម អន្តររដ្ឋ។
លោក Jeffries បានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការស៊ើបអង្កេតជុំវិញឈ្មួញកណ្តាល កេងប្រវ័ញ្ចយុវជន។ បុរសរាប់សិបនាក់បានដាក់ពាក្យបណ្តឹង កាលពីឆ្នាំមុន ប្រឆាំងនឹង Jeffries និងក្រុមហ៊ុន Abercrombie & Fitch ដោយចោទប្រកាន់អតីតនាយកប្រតិបត្តិរូបនេះ បានប្រើតួនាទីរបស់លោកនៅក្នុងក្រុមហ៊ុន ដើម្បីកេងប្រវ័ញ្ច និងបំពានលើបុរស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត