កម្ពុជា-ថៃ ជំរុញបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាមួយគ្នានេះដែរក៏ដើម្បីបន្តរឹតចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំដែលជាចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងសហប្រតិបត្តិការលើគ្រប់វិស័យ ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៍រឹងមាំរវាងប្រទេសទំាពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរផងដែរ។ ការជួបប្រាស្រ័យទាក់ទងជាមួយគ្នាគឺជាចំនុចវិជ្ជមានដ៏ល្អនៅក្នុងការពង្រឹងសន្តិភាព វិបុលភាពនិងការរីកចម្រើនប្រកបដោយចីរភាព ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ផែ ថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តី កាលពីទី១៦ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីស្ថានភាព សេដ្ឋកិដ្ឋ សុខសន្តិភាព និងស្ថេរភាពនយោបាយ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ។
ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ និងបានសម្តែងនូវការគំាទ្រនិងអបអរសាទរចំពោះគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងឈានឆ្ពោះទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្តម Dusit MANAPAN ក៏បានឱ្យដឹងដែរថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តីថ្មី និងធ្វើដំណើរទសន្សកិច្ចជាផ្លូវការមកកាន់កម្ពុជាខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរអោយកាន់តែជិតស្និតបន្ថែមទៀត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ