ថៃគ្រោងចុះកម្មសិទ្ធិបញ្ញាបុណ្យសង្ក្រាន្ត
បាងកក៖ កាសែតថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃអង្គារថា គណៈកម្មាធិការជំនាញកំពុងពិចារណាលើការចុះបញ្ជី ពិធីបុណ្យសង្ក្រាន្ត ជាកម្មសិទ្ធិបញ្ញា ឬ IP ដើម្បីការពារការប្រើប្រាស់ នៅក្នុងប្រទេសផ្សេងៗ។
ប្រភពថា សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយ ក្នុងការធ្វើប្រព័ន្ធបេតិកភណ្ឌវប្បធម៌អរូបី របស់ប្រទេសថៃ និងលើកកម្ពស់ថាមពលទន់ របស់ខ្លួនជាសកល។
លោកស្រី Chadatip Chutrakul នាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Piwat Group និងជាសមាជិក គណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះ នៅក្នុងវេទិកា Daily News Talk 2024 កាលពីថ្ងៃចន្ទ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ប្រពៃណីរបស់ថៃ និងកំណត់ទីតាំងប្រទេសថៃ ជាទិសដៅពិធីបុណ្យពិភពលោក ឈានមុខគេ។
លោកស្រីបញ្ជាក់ថា «តាមរយៈការចុះឈ្មោះ Songkran ជា IP យើងអាចធានាថា អត្តសញ្ញាណតែមួយគត់ និងសារៈសំខាន់វប្បធម៌របស់ Songkran ត្រូវបានការពារ។ នេះក៏នឹងអនុញ្ញាតឱ្យប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីប្រជាប្រិយភាពនៃពិធីបុណ្យនេះ ផងដែរ»។
គណៈកម្មាធិការមួយនេះក៏កំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធអេកូ ដ៏ទូលំទូលាយ សម្រាប់ការលើកកម្ពស់ថាមពលទន់ នៅក្នុងប្រទេសថៃ រួមទាំង ការប្រមូលទិន្នន័យ ការអភិវឌ្ឍន៍ទេពកោសល្យ និងកំណែទម្រង់គោលនយោបាយ នេះបើតាម The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត